
អ្នកមើល World Cup តាមអ៊ីនធឺណិតប្រយ័ត្នឆ្លងមេរោគមួយចូលកុំព្យូទ័រ និងទូរសព្ទ
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសង់ត្រាល់ លោក ង៉ែត ម៉ូសេ បានលើកឡើងអំឡុងពេល World Cup 2018 ថា កម្មវិធីកុំព្យូទ័រ ទូរស័ព្ទ និងតំណភ្ជាប់មួយចំនួនដែលអ្នកប្រើប្រាស់បានឃើញនៅលើ Google ឬបណ្ដាញសង្គមដូចជាហ្វេសប៊ុក អាចនាំពួកគេទៅកាន់វេបសាយដែលមានមេរោគ ឬហៅថា Malicious Website ។
ក្រៅពីនេះ អ្នកប្រើប្រាស់អ៊ីនធឺណិតដែលបើកវេបសាយមេរោគ ឬ Malicious Website អាចប្រឈមនឹងការវាយប្រហារមួយប្រភេទទៀតគឺ Drive-By Downloads ។ ក្រុមហ៊ុនលក់កម្មវិធីកម្ចាត់មេរោគ Norton បានចាត់ទុក Drive-By Download នេះថា មានលក្ខណៈគួរឲ្យបារម្ភជាងគេ ដោយសារ Drive-By Download អាចលួចដំឡើងកម្មវិធីមេរោគនៅលើម៉ាស៊ីនរបស់លោកអ្នក ដោយស្ងាត់ៗ នៅពេលអ្នកកំពុងមើលវេបសាយ បើទោះបីជាអ្នកមិនបានចុចលើតំណភ្ជាប់មេរោគក៏ដោយ។
លោក ង៉ែត ម៉ូសេ លើកឡើងថា ពពួកមេរោគ Malware ដែលឆ្លងចូលទៅក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ មិនត្រឹមតែបង្កគ្រោះដល់អ្នកប្រើប្រាស់ប៉ុណ្ណឹងទេ ប៉ុន្តែពពួកមេរោគទាំងនោះ ក៏អាចឆ្លៀតឱកាសគ្រប់គ្រងទូរស័ព្ទ កុំព្យូទ័រ និងកម្មវិធីមួយចំនួន ឬគណនីហ្វេសប៊ុក ដើម្បីចម្លងមេរោគទៅកាន់អ្នកដទៃដែលមាននៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកប្រើប្រាស់នោះផងដែរ តាមរយៈការផ្ញើអ៊ីមែល ទៅទូរស័ព្ទ ឬផ្ញើសារទៅកាន់មិត្តភ័ក្ដិហ្វេសប៊ុករបស់អ្នកប្រើប្រាស់។