
ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតឈ្មោះហ្វាយអឺរអាយ (FireEye) រកឃើញថា ក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ (Hacker) ដ៏ល្បីឈ្មោះមួយដែលមានទំនាក់ទំនងគួរឲ្យសង្ស័យជាមួយនឹងរដ្ឋាភិបាលចិន បានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់កម្ពុជាដែលធ្វើការងារពាក់ព័ន្ធដំណើរការបោះឆ្នោត។ គោលដៅនៃការវាយប្រហារនោះ រួមមានស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។
ក្រុមហ៊ុនហ្វាយអឺរអាយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី១០ ខែកក្កដា លាតត្រដាងថា ក្រុមចោរបច្ចេកវិទ្យាមួយក្រុមឈ្មោះ ថិមផ៍ ភើរីស្កូប (TEMP.Periscope) ដែលត្រូវគេសង្ស័យថា មានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន បានប្រើប្រាស់បច្ចេកទេសផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីលុកលុយស្ថាប័ន និងបុគ្គលជាច្រើននៅកម្ពុជាដែលធ្វើការពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតដើម្បីស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។
ក្រុមហ៊ុនហ្វាយអឺរអាយ ជឿថា សកម្មភាពរបស់ក្រុមចោរបច្ចេកវិទ្យា ឬ ហេកគ័រនេះធ្វើឡើងក្នុងបំណងផ្ដល់ដល់រដ្ឋាភិបាលចិន នូវព័ត៌មានសម្ងាត់អំពីការបោះឆ្នោតនៅកម្ពុជា និងប្រតិបត្តិការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធនឹងក្រុមហេកគ័រឈ្មោះ ថិមផ៍ ភើរីស្កូប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែតFinancial Times។
ក្រុមហ៊ុន ហ្វាយអឺរអាយ ដដែលអះអាងថា ខ្លួនបានតាមដានក្រុមចោរបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៣មក ហើយរកឃើញថា ក្រុមនេះធ្លាប់មានប្រវត្តិវាយប្រហារតាមអ៊ីនធឺណិតទៅលើស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប។