ហេតុអ្វីបានជាអ្នកនៅតែប្រើប្រាស់ តេឡេក្រាម?

សព្វថ្ងៃបណ្តាញសង្គមផ្ញើសារ តេឡេក្រាម ត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនងជាប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ អ្នកខ្លះប្រើប្រាស់វាដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ផ្ញើឯកសារ ឬខល និងសម្រាប់អ្នកខ្លះគឺប្រើប្រាស់សម្រាប់ទីកន្លែងផ្ទុកទិន្នន័យ ផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័ន។ គិតត្រឹមខែកក្ដដា ឆ្នាំ២០២៤នេះ តេឡេក្រាម មានអ្នកប្រើប្រាស់យ៉ាងសកម្មជារាល់ខែប្រមាណជា លាន៩៥០នាក់ ហើយត្រូវបានព្យាករណ៍ថានឹងអាចបាន ១ពាន់លាន់នៅត្រីមាសទី១ ឆ្នាំ២០២៥។

កាលពីខែសីហាកន្លងទៅនេះ CEO តេឡេក្រាម លោក ប៉ាវិល ឌូរូស (Pavel Durov) ត្រូវបានចាប់ឃាត់ខ្លួនដោយអាជ្ញាធរប្រទេសបារាំង ក្នុងទីក្រុងបារីស។ ព្រះរាជអាជ្ញាបានចោទ លោក ឌូរូស ថា វេទិកាតេឡេក្រាមរបស់គាត់ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ រួមទាំងការជួញដូរគ្រឿងញៀន និងការចែកចាយរូបភាពការរំលោភបំពានផ្លូវភេទលើកុមារ។ ក្រោយពីសាកសួរចំនួន ៤ថ្ងៃ លោកត្រូវបានដោះលែងនៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ចំនួន ៥លានអ៉ឺរូ។ មិនត្រឹមតែប៉ុណ្ណោះ គាត់មិនត្រូវបានអនុញ្ញាតឲ្យចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅកាន់អាជ្ញាធរបារាំងរៀងរាល់ ២សប្តាហ៍ម្តង

នៅកម្ពុជា ក្នុងឆ្នាំ២០២៤ មានករណីបន្លំអត្តសញ្ញាណរបស់បុគ្គលដែលមានគេស្គាល់ច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងនោះរួមទាំង រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ក្រសួងព័ត៌មាន (1)(2) (អតីត)សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីការបន្លំ group តេឡេក្រាមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឲ្យខាតបង់ប្រាក់កាសរបស់និយោជក។

នាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានអ្នកប្រើប្រាស់តេឡេក្រាមមួយចំនួននៅកម្ពុជា បានទទួលសារពីគណនីក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាមផ្ញើសារចូលក្នុងប្រអប់សារផ្ទាល់ខ្លួនដោយបញ្ជាក់ថា លេខទូរសព្ទដែលភ្ជាប់ជាមួយនឹងគណនីតេឡេក្រាមរបស់យើង ត្រូវបានរកឃើញថាមិនដំណើរយូ ឬថាមានសកម្មភាពគួរឲ្យសង្ស័យដែលនឹងត្រូវបិទក្នុងរយៈពេល៨ម៉ោង។

បើមានករណីលួចបន្លំនៅលើបណ្តាញសង្គម តេឡេក្រាម បែបនេះកាន់តែច្រើនឡើង ហេតុអ្វីបានជាអ្នកនៅតែប្រើប្រាស់ តេឡេក្រាម?

ស្ថិតិអ្នកប្រើប្រាស់តេឡេក្រាម

បណ្តាញសង្គមផ្ញើសារ តេឡេក្រាម ត្រូវបានរាយការណ៍ថាស្ថិតក្នុងតារាងនៃបណ្តាញសង្គមដែលមាន audience ដែលទទួលបានការផ្សព្វផ្សាយព័ត៌មានពាណិជ្ជកម្ម (social media ad audience) ប្រមាណជា ៩៥០លាននាក់។ តួលេខនេះ វាស្រដៀងគ្នាទៅការផ្សព្វផ្សាយរបស់ CEO តេឡេក្រាមនៅលើ Channle របស់លោក ថាមានអ្នកប្រើប្រាស់យ៉ាងសកម្មប្រចាំខែប្រមាណជា ៩០០លាននាក់។

សម្រាប់ប្រទេសកម្ពុជា មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ដែលអាចបញ្ជាក់បានពីចំនួននៃអ្នកប្រើប្រាស់នោះទេ។ មានសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកដែរ ថាមានអ្នកប្រើប្រាស់តេឡេក្រាមចំនួន ១០លាននាក់ ដោយដកស្រង់ប្រភពពី World Population Review វិបសាយ ប៉ុន្តែពេលខ្ញុំទៅពិនិត្យមើល គឺខ្ញុំរកមិនឃើញព័ត៌មានពីចំនួនដូចបានផ្សាយនោះទេ។ នៅក្នុងវិបសាយនោះបានបង្ហាញពីចំនួន Telegram app ដែលស្ថិតនៅក្នុងលំដាប់ខ្ពស់ ដែលត្រូវបានទាញយក (download) ពី App Store របស់អ្នកប្រើប្រាស់ iOS និង Playstore របស់អ្នកប្រើប្រាស់ Android។ ចំនួន Download មិនតំណាងឲ្យចំនួនអ្នកប្រើប្រាស់នោះទេ។ រហូតមកដល់ពេលនេះ ខ្ញុំនៅរកប្រភពដែលអាចទុកចិត្តបានបង្ហាញពីចំនួនអ្នកប្រើប្រាស់ តេឡេក្រាម នៅក្នុងកម្ពុជាថាមានពិតប្រាកដប៉ុន្មាននោះទេ។

ព័ត៌មានស្ថិតិចំនួន Subscriber និង ចំនួន Reach Per Post របស់ Channel តេឡេក្រាមនៅក្នុងប្រទេសកម្ពុជា

ទិន្នន័យខាងក្រោមនេះត្រូវបានទាញយកមកពិនិត្យមើលពីចំនួនអ្នកតាមដាន(Subcriber) ប្រៀបធៀបនឹងចំនួន Reach Per Post របស់ Channel និមួយៗ ដែលស្ថិតក្នុង Category: News&Media, Politic, Education, Economic, Sport និង Adult។ Channel ដែលបង្ហាញខាងក្រោមគឺជា Channel នៅកម្ពុជា ហើយប្រើប្រាស់ភាសាខ្មែរ។

ខ្ញុំបានច្រោះយកតែ Top Channel តាម category និមួយៗមកបង្ហាញ។ ទិន្នន័យរបស់ Channel ដែលបង្ហាញ អាចថាមានទិន្នន័យដែលមិនទាន់ពេញលេញដើម្បីបង្ហាញពីចំណាត់ថ្នាក់របស់ Channel ទាំងនោះ ប៉ុន្តែយ៉ាងណា ខ្ញុំឃើញមានទិន្នន័យដែលអាចយកមកបង្ហាញបាន។ ខ្ញុំនឹងខំស្វែងរកពីភាពលំអិតនៃទិន្នន័យចំណាត់ថ្នាក់នៃ Channel និមួយៗនៅពេលក្រោយ ហើយទិន្នន័យខាងក្រោមអាចនឹងត្រូវបានកែប្រែនៅពេលអនាគត។

ខ្ញុំបានប្រៀបធៀបចំនួន Subscriber របស់ Channel ទៅនឹងចំនួន Reach Per Post របស់ Channel ដើម្បីចង់ដឹងថា តើ Channel ដែលមាន អ្នក Subscriber ច្រើន រាល់មាតិកាដែលបានផូស តើអាច Reach ដល់ Subsriber របស់ Channel បានប៉ុន្មានភាគរយដែរ។ ចំនួនភាគរយពណ៌ក្រហម គឺជាភាគរយរបស់របស់ Subscriber ដែល Post និមួយៗ Reach ទៅដល់។

១០ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category News&Media

១០ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category Politic

១០ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category Education

៩ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category Sport

៧ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category Economic

១១ Channel ដែលមាន Reach Per Post ច្រើនជាងគេសម្រាប់ Category Adult

ករណីឆបោកតាម តេឡេក្រាមនៅកម្ពុជា

សព្វថ្ងៃនេះប្រជាជនបានត្រឹមតែដឹងថាមានករណីឆបោកតាមបណ្តាញតេឡេក្រាមច្រើន ដែលមានដូចជាការបោកបញ្ឆោត លួចគណនី លួចទិន្នន័យ វិនិយោគទន់ និងបន្លំអត្តសញ្ញាណ ជាដើម ប៉ុន្តែយើងមិនដឹងពីស្ថិតិ និងប្រភេទនៃឆបោកទាំងនោះដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈឲ្យបានទៀងទាត់នោះទេ។ ខ្ញុំសង្កេតឃើញមានការផ្សព្វផ្សាយពីស្ថាប័នរដ្ឋ ឯកជន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម បាននាំគ្នាចែករំលែកពីសន្តិសុខ សុវត្ថិភាពនៃការប្រើប្រាស់ តេឡេក្រាម ដែលសកម្មភាពនេះ អាចជួយផ្តល់នូវការទប់ស្កាត់ការឆបោកតាម តេឡេក្រាម បានមួយចំនួនដែរ។

ខ្ញុំត្រូវបានអ្នកសារព័ត៌មានសាកសួរពីករណីការឆបោកលើបណ្តាញសង្គម តេឡេក្រាមនេះដែរ។ ខាងក្រោមនេះ គឺជាចម្លើយរបស់ខ្ញុំទាំងស្រុងទៅនឹងសំណួររបស់អ្នកសារព័ត៌មាន។

១. ទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ករណីនេះនៅតែបន្តមាន តើលោកយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

វាមានការលំបាកខ្លាំងណាស់ក្នុងការស្រាវជ្រាវចាប់ជនឆបោកនៅលើប​ណ្តាញសង្គម តេឡេក្រាម ដោយសារតែលេខទូរសព្ទរបស់គណនីពួកគេអាចធ្វើការលាក់បាំងបាន។ បណ្តាញសង្គម តេឡេក្រាម មិនដូចជា បណ្តាញសង្គមដែលកំពុងពេញនិយមនៅកម្ពុជាដូចជា ហ្វេសប៊ុក និង តិកតុក នោះទេ ដែលមានក្រុមការងារផ្នែកការផ្តល់ជំនួយដំណោះស្រាយទៅកាន់អតិថិជន។ ផ្ទុយទៅវិញ តេឡេក្រាម ប្រើប្រាស់ ការឆ្លើយឆ្លងដោយស្វ័យប្រវត្តិជាមួយកម្មវិធី (bot)។ ណាមួយវិញទៀត បុគ្គលិកធ្វើការរបស់ បណ្តាញសង្គមដែលប្រើប្រាស់សារឆ្លើយឆ្លងខ្លីៗ (instant messeging app) មួយនេះ មានអ្នកធ្វើការប្រមាណជាង ៣០នាក់ ហើយធ្វើការពីចម្ងាយ បម្រើដល់អ្នកប្រើប្រាស់ ៨០០លាន់នាក់។ ភាគច្រើនបំផុតនៃអ្នកធ្វើការទាំងនោះ គឺជាអ្នកអភិវឌ្ឍន៍កម្មវិធី (program developer)។ ណាមួយវិញទៀត ការមិនមានសហការរបស់ បណ្តាញសង្គមមួយនេះ ជាមួយនឹងអាជ្ញាធររដ្ឋដើម្បីដោះស្រាយរឿងឆបោកនៅលើ platform មួយនេះ។ ខ្ញុំយល់ថា យើងជាអ្នកប្រើប្រាស់ តេឡេក្រាម កំពុងតែប្រើប្រាស់បណ្តាញសង្គមមួយ មិនមានការជួយការពារដែលមានប្រសិទ្ធិភាពដល់ការប្រើប្រាស់។ ការគ្រប់គ្រងសន្តិសុខរបស់គណនី ភាគច្រើនបំផុត ត្រូវធ្លាក់ទៅលើអ្នកប្រើប្រាស់ខ្លួនឯង។ អ្នកប្រើប្រាស់ដែលមានចំណេះដឹងផ្នែកសន្តិសុខឌីជីថល អាចការពារគណនីរបស់ពួកបាន ប៉ុន្តែបើមានការធ្វើប្រហេស ដែលធ្វើឲ្យបាត់បង់គណនី គឺសឹងតែមិនមានលទ្ធភាពក្នុងការស្រោចស្រង់គណនីមកវិញនោះទេ។

២. តើការឆបោកបច្ចុប្បន្ននេះក្រោមរូបភាពអ្វីដែរ? តើវានឹងប៉ះពាល់អ្វីខ្លះទៅដល់អ្នកប្រើប្រាស់?

ខ្ញុំសង្កេតឃើញការលួចអត្តសញ្ញាណរបស់អ្នកមានមុខមាត់ក្នុងសង្គម ដូចជាអ្នករកស៊ីដែលមានគេស្គាល់ច្រើន។ ជនឆបោក លួចគណនីពិតប្រាកដរបស់មនុស្សម្នាក់ រួចហើយ យករូបថតរបស់អ្នករកស៊ីណាម្នាក់ដែលមានគេស្គាល់ច្រើន រួចហើយប្តូរ photo profile របស់គណនីដែលគេលួចបាននោះ ទៅដាក់រូបអ្នករកស៊ី។ បន្ទាប់មក ពួកគេបានបង្កើត group Telegram និយាយពីការរកស៊ី ដាក់លុយរួមគ្នា ។ល។ ដោយទាញបញ្ចូលអ្នកដែលស្គាល់អ្នករកស៉ីនោះ ឬគណនីផ្សេងៗទៀតដែលពួកគេអាចទាញចូលបាន។ ក្នុង Group Telegram នោះ មានគណនីផ្សេងៗ ដែលគ្រប់គ្រងដោយក្រុមជនឆបោកទាំងនោះ ពួកគេធ្វើការឆ្លើយឆ្លងគ្នា អ្នកខ្លះបាន screenshot នូវទឹកប្រាក់ដែលបានចំណេញ ឬទឹកប្រាក់ដែលបានផ្ញើចេញ។ វាមិនមែនជាការរកស៊ីពិតប្រាកដនោះទេ តែវាជារូបភាពបន្លំមិត្តភក្តរបស់អ្នករកស៊ីនោះឲ្យជឿថា វាជាការពិត។ អ្នកប្រើប្រាស់ មើលតែរូបថត ឃើញថា ជាមនុស្សដែលខ្លួនស្គាល់ ដោយមិនបានចាប់អារម្មណ៍លើឈ្មោះ ដោយមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ អាចនឹងចាញ់បោកផ្ញើលុយទៅឲ្យជនឆបោកទាំងនោះ។

ពេលដែលជនរងគ្រោះដឹងថាចាញ់បោក និងមាន screenshot នូវរាល់ការសន្ទនាទាំងនោះជាភស្តុតាង ក៏ប្រហែលជាពិបាកក្នុងការស្រាវជ្រាវចាប់ជនល្មើសដែរ។ ពិបាកគឺត្រង់ថា គណនីដែលជនឆបោកយកមកប្រើប្រាស់នោះ គឺលួចពីជនរងគ្រោះផ្សេងទៀត។ ចំណែកឯ គណនីធនាគារ ក៏ប្រហែលមិនជារបស់ជនឆបោកដែរ។ ធនាគារល្បីៗមានការផ្សព្វផ្សាយជាសាធារណៈនូវយន្តការដោះស្រាយពាក្យបណ្តឹងនៅលើវិបសាយរបស់ខ្លួន ប៉ុន្តែធនាគារដែលមិនសូវល្បីមិនមានការដាក់បង្ហាញនូវយន្តការដោះស្រាយពាក្យបណ្តឹងរបស់អតិថិជននោះទេ។ សេចក្តីប្រកាស ស្តីពី ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹស្ថានធនាគារនិងបិរញ្ញវត្ថុ ចុះផ្សាយកាលពីឆ្នាំ២០១៧ ក្នុងប្រការ ៦ បានចែងថា … មិនមានការយកសាហ៊ុយលើការដាក់ពាក្យ ការដំណើរការ ឬការបញ្ចប់បណ្តឹង។ ប៉ុន្តែជាក់ស្តែង ដែលខ្ញុំបានឃើញការបង្ហោះរបស់ជនរងគ្រោះមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក គឺមានការយកថ្លៃបង់ថ្លៃសេវា។ ខ្ញុំមិនដឹងថា តើការយកថ្លៃសេវានេះ វាខុសគ្នាទៅហ្នឹង ប្រការ ៦ របស់សេចក្តីប្រកាសរបស់ធនាគារជាតិនេះទេ។ https://www.nbc.gov.kh/…/Prakas_on_Resolution_of…

៣. តើអ្នកប្រើប្រាស់ពួកគាត់គួរធ្វើបែបណាដើម្បីជៀសវាងពីការឆក់បោកនេះ?

អ្នកប្រើប្រាស់គួរចេះកំណត់ សុវត្ថិភាព និងឯកជនភាពក្នុង តេឡេក្រាម (privacy settings) ដើម្បីកំណត់បិទនូវការទាញចូល group ដោយយើងមិនដឹងខ្លួន, ការបើកមុខងារការផ្ទៀងផ្ទាត់២កក្តា ការពារគណនីពីការ log in ពីឧបករណ៍ផ្សេងក្រៅពីរបស់យើង។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់គួរសិក្សាពីអក្ខរកម្មឌីជីថល (digital literacy)។

៤. តើក្រសួង និងអ្នកពាក់ព័ន្ធគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់បញ្ហានេះ?

សម្រាប់ក្រសួងនានា និងស្ថាប័នពាក់​ពន្ធ គួរសម្របសម្រួលឲ្យការរាយការណ៍ពីការឆបោក និងការដាក់ពាក្យបណ្តឹងឲ្យមានការងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានប្រសិទ្ធិភាពពីយន្តការនៃការរាយការណ៍ និងការដាក់ពាក្យបណ្តឹង។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយពីស្ថិតិនៃករណីនៃការឆបោក ប្រភេទនៃការឆបោក និងករណីដែលបានដោះស្រាយជោគជ័យ ជាសាធារណៈ និងទៀងទាត់។

សម្រាប់អ្នកផ្តល់សេវាកម្មទូរសព្ទ (Mobile Network Operators – MNO) គួរបង្កើតឲ្យមានសេចក្តីរាយការណ៍ពីការបន្លំ ឬឆបោក ដែលប្រើប្រាស់លេខទូរសព្ទរបស់ខ្លួន ដែលអតិថិជនអាចធ្វើការរាយការណ៍ដោយផ្ទាល់ ដោយភ្ជាប់ជាមួយនឹងភស្តុតាង។ សហការជាមួយនឹងសមត្ថិកចិ្ចជំនាញក្នុងការកំណត់ការបន្លំ ឬការឆបោកទាំងនេះ។

សម្រាប់អ្នកប្រើប្រាស់ គួរស្វែងយល់ពីអក្ខរកម្មឌីជីថល និងសិន្តសុខឌីជីថល ជាពិសេសដំណើរការនៃការធ្វើប្រតិបត្តិការប្រាក់តាមប្រព័ន្ធឌីជីថល។ ជៀងវាងការចុះតំណភ្ជាប់ និងទាញយកកម្មវិធីនានាដែលសង្សៃ ឬមិនចាំបាច់ តំឡើងលើទូរសព្ទ ឬកុំព្យុទ័ររបស់ខ្លួន។ ត្រូវប្រើប្រាស់កម្មវិធីណាដែលមានអជ្ញាប័ណ្ឌត្រឹមត្រូវ។ បើសិនជាមានការថ្លោះធ្លោយ ត្រូវប្រមូលភស្តុតាងឲ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីដាក់ពាក្យបណ្តឹង។

ករណីបន្លំជាក្រុមហ៊ុន តេឡេក្រាម ផ្ញើសារមកអ្នកប្រើប្រាស់

ខ្ញុំបានបានផូសព័ត៌មានសាកសួរ Fan page របស់ខ្ញុំថាតើពួកគេបានទទួលសារក្នុងប្រអប់ឈែត តេឡេក្រាម របស់ពួកគេ ថាគណនី តេឡេក្រាម ពួកគេ រំលោភលើគោលការន៍ ហើយត្រូវឲ្យចុចតំណភ្ជាប់ ដើម្បីទទួលបានគណនីមកវិញ។ ខ្ញុំសង្កេតឃើញមានការប្រើប្រាស់ រូបសញ្ញា sticker ដែលមានរូបរាងជា សញ្ញា verify សម្រាប់ Channel ឬ Group ផ្លូវការ មកបន្លំ ដើម្បីឲ្យជនរងគ្រោះចាញ់បោក ដោយនឹកស្មានថា គណនីដែលឆាតមកនេះ គឺពិតជាគណនីផ្លូវការមែន។ តេឡេក្រាម ផ្តល់ verify ឲ្យតែ Channel Group ឬ Bot សាធារណៈ តែប៉ុណ្ណោះ។ មិនមាន គណនី តេឡេក្រាម ណាមួយត្រូវបានផ្តល់ verify នោះទេ។ បើសិនជាអ្នកទាំងអស់គ្នាឃើញមាន គណនី តេឡេក្រាម ដែលមាន រូប verify ឈែតទៅ គឺមានន័យថា គណនីនោះបាន បង់លុយជាប្រចាំខែទៅ តេឡេក្រាម ដែលពួកគេអាចដាក់រូប verify នៅខាងមុខគណនីរបស់ពួកគេ ដែលមានរូបរាងស្រដៀងនឹង icon verify របស់ Telegram ដែរ។

ខ្ញុំធ្លាប់បានបង្ហាញពីភាពខុសគ្នារវាង legacy verify ដែលត្រូវបានប្រគល់ឲ្យដោយ តេឡេក្រាម និង emoji verify ដែលត្រូវបង់លុយប្រចាំខែ។

ខាងក្រោមនេះ គឺជា Screenshot ដែលខ្ញុំទទួលបានពី Fan page របស់ខ្ញុំ និងមិត្តភ័ត្តមួយចំនួនទៀតដែលខ្ញុំបានឈែតទៅសួរ ថាតើពួកគេមានបានទទួលសារដែលបន្លំថាផ្ញើមកពី តេឡក្រាម ឬទេ។ ខ្ញុំបានពិនិត្យមើលពីអាសយដ្ឋាន domain name នៅក្នុងសារទាំងនោះមួយចំនួន ហើយរកឃើញថា ពួកគេចុះឈ្មោះទិញ domain នោះនៅក្រុមហ៊ុននៅប្រទេសចិន ហើយប្រើប្រាស់ DNS របស់ Cloudflare។ ខ្ញុំមិនបានពិនិត្យមើលឲ្យស៊ីជម្រៅនូវ landing page របស់តំណភ្ជាប់នីមួយៗនោះទេ ដើម្បីស្វែងយល់ថា តើគេចង់បានអ្វី។

តើពួកគេទទួលបានលេខទូរសព្ទរបស់យើងបានដោយរបៀបណា?

វាជាសំណួរដែលខ្ញុំបានទទួលច្រើន។ មានករណីច្រើនដែល scamer អាចយកលេខយើងបាន។ ក្នុងនោះខ្ញុំយល់ឃើញថា មាន៤ករណីដែល scamer អាចយកលេខទូរសព្ទរបស់យើងបាន។
ទី១៖ តាមរយៈទិន្នន័យលេខធ្លាយនានាពីសេវាកម្មឌីជីថលដែលយើងបានប្រើប្រាស់
ទី២៖ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬខម្មិន្តទិញឥវ៉ាន់តាមហ្វេសប៊ុកផេក
ទី៣៖ តាមរយៈឧបករណ៍ Fake BTS
ទី៤៖ តាមរយៈ bot call ដែលយើងទទួលបាន។ ដំណើរការនោះគឺ គេមានបញ្ជីលេខទូរសព្ទជាសីរី (012 123 456, 012 123 457, 012 123 458…)។ Bot នឹងខលទៅដោយស្វ័យប្រវត្តិម្តងមួយៗ ពេលដែលមានយើងលើក Bot នឹង record ថាលេខនេះ “pick_up”។ បើខលទៅមិនលើក តែចូល វានឹង record ថា “active”។ បើខលទៅមិនចូល និងមានសំឡេងឆ្លើយត្រឡប់មកវិញ វានឹង record ថា “not_active”។​ សម្រាប់ចំណុចទី៤នេះ ខ្ញុំមិនមានភស្តុងតាងមកបញ្ជាក់នោះទេ។ ខ្ញុំបានពិភាក្សាជាមួយនឹងសមាគមន៍សន្តិសុខសាយប័រកាលពី១ឆ្នាំមុន នៅពេលខ្ញុំចូលរួមវេទិកាថ្នាក់តំបន់មួយ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចរកនូវព័ត៌មានមកបញ្ជាក់ការលើកឡើងនេះ។

ឯកជនភាព និងសេរីភាពបញ្ចេញមតិនៅលើ តេឡេក្រាម

ម្ចាស់ តេឡេក្រាម លោក Durov បាននិយាយថា តេឡេក្រាមមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសេរីភាពបញ្ចេញមតិ ដូច្នេះហើយបានជាលោកបដិសេធមិនត្រួតពិនិត្យខ្លឹមសារ (censor content) សូម្បីតែស្ថិតនៅក្រោមសម្ពាធរបស់រដ្ឋាភិបាល ដោយជ្រើសរើសចាកចេញពីប្រទេសរុស្ស៊ីជាជាងធ្វើតាមការទាមទារដើម្បីបិទការទំនាក់ទំនងរបស់បក្សប្រឆាំង។ លោកបាននិយាយបែបផ្លែផ្កាទៅបណ្តាញសង្គម ហ្វេសប៊ុកពីការយល់ឃើញបែបអព្យាក្រឹតសម្រាប់វេទិកា (Neutral Platform Philosophy)។ លោកបាននិយាយថា តេឡេក្រាម មិនដូច Facebook និងវេទិកាផ្សេងទៀតដែលលំអៀង។ តេឡេក្រាម រក្សាអព្យាក្រឹតភាពតឹងរ៉ឹង និងអនុញ្ញាតឱ្យទស្សនៈផ្ទុយនៅលើ តេឡេក្រាម ដោយមិនដកចេញនោះទេ។ លោកបានបង្ហាញថាក្នុងអំឡុងពេល COVID-19 តេឡេក្រាម គឺជាវេទិកាមួយក្នុងចំណោមវេទិកាមួយចំនួនដែលមិនត្រួតពិនិត្យមើលមាតិកាដែលមានគំនិតផ្ទុយអំពីការរាំងខ្ទប់ និងការចាក់វ៉ាក់សាំង។

សម្រាប់ករណីឯករាជ្យភាពនៃរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ តេឡេក្រាម លោក Durov រក្សាភាពជាម្ចាស់ 100% នៃ តេឡេក្រាម ដើម្បីធានានូវឯករាជ្យភាព និងជៀសវាងសម្ពាធពីអ្នកវិនិយោគដែលអាចប៉ះពាល់ដល់បេសកកម្មនៃភាពឯកជន និងសេរីភាពរបស់ តេឡេក្រាម។ បើនិយាយទៅដល់ការឃ្លាំមើលរបស់រដ្ឋាភិបាល លោកបាននិយាយថា ខណៈពេលដែលវេទិកាដូចជា ហ្វេសប៊ុក បានសហការជាមួយរដ្ឋាភិបាល តេឡេក្រាម ប្រឆាំងនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការចូលប្រើទិន្នន័យអ្នកប្រើប្រាស់ ឬបង្កើត backdoors ។ លោក Durov ថែមទាំងជៀសវាងការធ្វើដំណើរទៅកាន់មហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដើម្បីរក្សាឯករាជ្យភាពនេះ។

អ្នកទាំងអស់គ្នា គួរមើលបទសំភាសន៍រវាង Tucker Carlson អតិតបុគ្គលិកផ្នែកព័ត៌មានរបស់ Fox News ជាមួយនឹង ម្ចាស់ តេឡេក្រាម លោក Pavel Durov កាលពីខែមេសា ឆ្នាំ២០២៤ គឺមុនពេល លោក Durov ត្រូវអាជ្ញធរបារាំងចាប់ខ្លួន។

Euro News ដែលសារព័ត៌មានរបស់ទ្វីបអឺរ៉ុបមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង លីយ៉ុង ប្រទេសបារាំងបានដកស្រង់សំណេររបស់ម្ចាស់ក្រុមហ៊ុន តេឡេក្រាម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ពោលគឺក្រោយពេលលោកដោះលែងឲ្យនៅក្រៅឃុំ ថា ខ្លួននឹងប្រគល់ IP address និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ណាដែលរំលោភបំពានលើគោលការណ៍របស់តេឡេក្រាមទៅកាន់អជ្ញាធរដែលបានស្នើសុំ មិនមែន តេឡេក្រាម យល់ព្រមប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ឲ្យទៅរាល់អាជ្ញាធរនោះទេ។ នៅក្នុងសំណររបស់ខ្លួន លោក Durov បានឲ្យអ្នកប្រើប្រាស់អាចរាយការណ៍ពីសកម្មភាពខុសច្បាប់ទៅកាន់គណនី bot ឈ្មោះថា @SearchReport

តេឡេក្រាម ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​អំពើ​ភេរវកម្ម លក់គ្រឿងញាន និង​អំពើខុសច្បាប់នានាជាច្រើន​ទៀត ប៉ុន្តែ​អ្នក​ខ្លះ​ក៏បានអះអាង​ថា តេឡេក្រាម មាន​សារៈ​សំខាន់​ផង​ដែរ​ក្នុង​ការ​តវ៉ា​គាំទ្រ​ឲ្យមានលទ្ធិប្រជាធិបតេយ្យ។

សហគមន៍សន្តិសុខសាយប័រមានការព្រួយបារម្ភពីការកើនឡើងនៃបទល្មើសឧក្រិដ្ឋកម្មនៅលើបណ្តាញសង្គម តេឡេក្រាម ដែលមិនមានការត្រួតពិនិត្យមាតិកាឲ្យបានដិតដល់។ ទសន្សាវដ្តី Security Review បានដកស្រង់នូវរបាយការណ៍របស់ក្រុមហ៊ុន កម្មវិធីកំចាត់មេរោគ Kapersky ថា ចាំតាំងពីខែមិថុនា ដល់ខេឧសភា​ ឆ្នាំ២០២៤នេះ អត្រានៃការកើនឡើងនៃឧក្រិដ្ឋកម្មអនឡាញតាមរយៈបណ្តាញសង្គម តេឡេក្រាមមានចំនួន ៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំទៅមិញ។

នៅក្នុងពេលដែលតេឡេក្រាមកកំពុងតែមានការកើនឡើងខ្លាំងនៃអ្នកប្រើប្រាស់ ដោយសារតែ តេឡេក្រាមងាយស្រួលប្រើ និងមានការកំណត់លក្ខខ័ណ្ឌត្រួតពិនិត្យតិចតួច ធ្វើឲ្យមានសំណួរជាច្រើនទាក់ទងនឹងតួនាទីរបស់បណ្តាញសង្គមមួយនេះ ក្នុងការសម្របសម្រួលឲ្យមានការកើនឡើងនូវបទល្មើសនៅលើប្រព័ន្ធអ៉ិនធឺ​ណិត ដោយតម្រូវឲ្យមានការពង្រឹងការត្រួតពិនិត្យ និងវិធានការសន្តិសុខ។

សេចក្តីសន្និដ្ឋាន

អ្នកប្រើប្រាស់ តេឡេក្រាម កំពុងតែកើនឡើងខ្លាំងៗ ពី១ខែ ទៅ១ខែ។ បើយើងចង់ឈប់ប្រើប្រាស់ តេឡេក្រាម វាហាក់ដូចជាយើងកំពុងជិះសេះលឿន ឲ្យទាញខ្សែសេះឲ្យបត់ស្តាំងភ្លាមៗ ចុងក្រោយវានឹងធ្វើឲ្យមានគ្រោះថ្នាក់។ ការឈប់ប្រើប្រាស់ ឬនៅបន្តប្រើប្រាស់ តេឡេក្រាម វាអាស្រ័យទៅលើអ្នកប្រើប្រាស់ដែលពួកគេយល់ឃើញថា វាល្អ ឬមិនល្អសម្រាប់ ការប្រើប្រាស់របស់ពួកគេ។ ចំពោះការទប់ស្កាត់ បទល្មើស នៅលើបណ្តាញសង្គម តេឡេក្រាម ខ្ញុំយល់ថា វាមានការលំបាក់ខ្លាំង ដែលតម្រូវឲ្យស្ថាប័នពាក់ព័ន្ធត្រូវតែមានទំនាក់ទំនងទៅកាន់ តេឡេក្រាម ហើយវាជារឿងដែលលំបាកខ្លាំង តែមិនមានន័យថា យើងធ្វើមិនបាននោះទេ។ កន្លែងនេះ ខ្ញុំចង់សំដៅទៅលើ ការទប់ស្តាត់ជាមុន និងការស្រាវជ្រាវចាប់ជនល្មើស។

សម្រាប់អ្នកប្រើប្រាស់ ការថែរក្សាសន្តិសុខគណនី គឺជាការទទួលខុសត្រូវរបស់ខ្លួនយើង ដោយយើងត្រូវអនុវត្តការកំណត់ ភាពឯកជន និងសុវត្ថិភាព នូវមុខងារដែល តេឡេក្រាម ផ្តល់ឲ្យ។ និយាយឲ្យខ្លី ត្រូវចេះ ការពារគណនី តេឡេក្រាម ដោយខ្លួនឯង។

អត្ថបទរបស់ខ្ញុំ មិនបានស្វែងយល់ពីការប្រើប្រាស់ តេឡេក្រាម សម្រាប់អាជីវកម្ម ដែលអាចកាត់បន្ថយភាពស្មុគស្មាញនៃការលក់ដូរ ទំនិញ ឬសេវាកម្ម ថាវាមានប្រសិទ្ធភាពបែបណានោះទេ។ ខ្ញុំទុកឲ្យអ្នកជំនាញផ្សេងៗ គាត់ធ្វើការសិក្សាបន្ថែមពីផ្នែកនេះ ដើម្បីអាចឲ្យអ្នកទាំងអស់គ្នា ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។