ការសិក្សាពីលំនាំខំម្មិន្តនៅលើហ្វេសប៊ុកផូស វិទ្យុអាស៊ីសេរី

កន្លងខ្ញុំបានសង្កេតឃើញមានការមានការចូលរួមខម្មិន្តទៅកាន់ហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។​ ក្នុងផ្នែកខម្មិន្តនោះ ខ្ញុំឃើញមានការសរសេរជាពាក្យស្ទួនៗគ្នា​ និងពាក្យចម្លែកៗដែលមានដកឃ្លា ឬមានចុច និងបីដូចជាតាមលំដាប់លំដោយ។ មានពាក្យខ្លះជាមតិយោបល់បង្ហាញពីការមិនពេញចិត្ត ការប្រើប្រាស់ពាក្យអសុរស​ និងការជេរប្រមាថ ជាដើម។​ សម្រាប់ខ្ញុំ ខ្ញុំមិនទាន់ចាប់អារម្មណ៍នូវការប្រើប្រាស់ពាក្យអសុរស និងពាក្យជេរប្រមាថទាំងនោះទេ​ ខ្ញុំចាប់អារម្មណ៍ទៅលើលំនាំពាក្យ និងឃ្លាមួយចំនួនដែលមើលទៅជាពាក្យដដែលៗ ហើយច្រើនដង និងមានលំនាំស្រដៀងគ្នា។​​ ដូច្នេះហើយ ខ្ញុំក៏បានសម្រេចចិត្តក្នុងការប្រមូលព័ត៌មានពីការខម្មិន្តទាំងនោះមកធ្វើការសិក្សាដើម្បីស្វែងយល់ពីលំនាំខម្មិន្តទាំងនោះ។

ខាងក្រោមនេះគឺជាអត្ថបទសិក្សាស្រាវជ្រាវបឋមរបស់ខ្ញុំដើម្បីស្វែងយល់ពីការលំនាំនៃខម្មិន្តរបស់អ្នកខម្មិន្តក្នុងហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។​ អត្ថបទសិក្សានេះគឺជាការយល់ឃើញរបស់ខ្ញុំដោយផ្នែកលើទិន្នន័យតែមួយផ្នែកដែលខ្ញុំបានស្រង់ចំនួន ១០ផូសចេញពីទំព័រហ្វេសប៊ុក របស់ស្ថាប័នព័ត៌មានមួយតែប៉ុណ្ណោះ។

ខ្ញុំបានប្រើប្រាស់វិធីសាស្ត្រ data scrapping​​ ទាញយកខម្មិន្តក្នុងផូសជាក់លាក់ពីហ្វេសប៊ុកផេកអាស៊ីសេរីដែលមានអាស័យដ្ឋាន http://www.facebook.com/rfacambodia ។​ ដោយសារតែទិន្នន័យច្រើនពេក ខ្ញុំទាញយកផូសចំនួន​ ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤ ហើយខ្ញុំជ្រើសរើសយកប្រភេទមាតិកាជា វិដេអូ ដែលជាការផ្សាយបន្តផ្ទាល់តែប៉ុណ្ណោះ​ ដើម្បីយកមកសិក្សាមើលពីលំនាំខម្មិន្ត។​

ក្នុងការសិក្សានេះ ខ្ញុំធ្វើការបង្ហាញទិន្នន័យជាតារាងព័ត៌មានក្រាហ្វិច ជាជាង ការពិពណ៌នា។​ ខ្ញុំមិនធ្វើការពិភាក្សា និងវិភាគស៊ីជម្រៅសម្រាប់ការសិក្សានេះទេ។​ ខ្ញុំចង់ឲ្យអាចអាន អាចពិនិត្យមើលដោយខ្លួនឯង។​ ច្បាស់ណាស់នឹងមានអ្នកខ្លះយល់ និងអ្នកខ្លះអាចថាមិនទាន់យល់ ដូច្នេះហើយ​ ដើម្បីជួយសម្រួលក្នុងការមើល ខ្ញុំព្យាយាមសម្រាយពន្យល់នូវពាក្យបច្ចេកទេស និងអត្ថន័យ​មួយចំនួនដែលមាននៅក្នុងអត្ថបទរបស់ខ្ញុំដូចខាងក្រោមនេះ។

ពន្យល់ពាក្យបច្ចេកទេស

Post ID: គឺជាតួលេខកំណត់សំគាល់ជាក់លាក់របស់ការផូសរបស់ហ្វេសប៊ុក។ រាល់ការផូសរបស់ហ្វេសប៊ុកមិនថាជា ការផូសជាអក្សរ រូបភាព តំណរភ្ជាប់ ឬវិដេអូនៅលើគណនី ឬផេករបស់យើងនោះទេ ហ្វេសប៊ុកនឹងផ្តល់ IDនេះជាតួលេខដើម្បីកំណត់សំគាល់ការផូសនីមួយៗ។
ឧទាហរណ៍៖ បើសិនជាអ្នកបើកមើល Post ID​​ ថ្ងៃទី១ ខែកក្តដា (1112783173153095) អ្នកគ្រាន់តែវាយ​ http://www.facebook.com/1112783173153095 ក្នុងប្រអប់ស្វែងរកនៃកម្មវិធីរុករកអ៊ីនធឺណិត (Internet Browser) នោះអ្នកនឹងឃើញផូសផ្សាយនេះតែម្តង។​

Unique Username: គឺចំនួនឈ្មោះគណនី ឬប្រូហ្វាល់ (profile)​ ជាក់លាក់របស់អ្នកប្រើប្រាស់ហ្វេសប៊ុក។​
ឧទាហរណ៍៖​ Unique username​ ក្នុងថ្ងៃទី១ ខែកក្តដា មានចំនួន ១២៨៦គណនី។

Duplicate Username:​​ គឺចំនួនស្ទួននៃ Unique user។​
ឧទាហរណ៍៖​ Duplicate user​ ក្នុងថ្ងៃទី១​ ខែកក្ដដា មានចំនួន ១៣៣៧០ដង។​ វាជាចំនួនស្ទួននៃ Unique user​ ធ្វើការផូសខំម្មិន។ មានន័យថា គណនីដដែលៗធ្វើការផូសខម្មិន្តជាច្រើនដង។

Unique comment: គឺចំនួនខម្មិន្តជាក់លាក់ដែល Unique user ផូស។​
ឧទាហរណ៍៖ Unique comment​ ក្នុងថ្ងៃទី១​ មានចំនួន ៦៩៥២ខម្មិន្ត។ ខម្មិន្តទាំងអស់នេះ គឺផ្សេងៗពីគ្នាទាំងអស់​ ឬអាចហៅថាជាខម្មិន្តដើម (original comment)​​ ។

Duplicate comment:​​ គឺចំនួនខម្មិន្តស្ទួនគ្នា។​
ឧទាហរណ៍៖ Duplicate comment​ ក្នុងថ្ងៃទី១ មានចំនួន ៧៧០៤ខម្មិន្តដែលស្ទួនគ្នា។ អាចស្ទួនគ្នា លើសពី ២ខម្មិន្តឡើង។​ មានន័យថា ខម្មិន្តខ្លះស្ទួនគ្នា ២ដង ឬ៣ដង ឬ៤ដង ឬច្រើនជាងនេះ។

Total Comment:​​ គឺជាចំនួនសរុបពីការបូកបញ្ចូលគ្នារវាង Unique comment​ និង Duplicate​ comment​ ។
ឧទាហរណ៍៖ ចំនួនខម្មិន្តសរុបក្នុងថ្ងៃទី១ គឺ១៤៦៥៦ ខម្មិន្ត។​

ការឲ្យនិយមន័យពាក្យបច្ចេកទេស៖

ការឲ្យនិយមន័យខាងក្រោមនេះ គឺជាការយល់ឃើញផ្ទាល់ខ្លួននៅក្រោយពេលដែលខ្ញុំធ្វើការដំណើរ និងវិភាគទិន្នន័យសម្រាប់ការសិក្សានេះ។

Create comment: គឺជាការផូសខម្មិន្តដោយអ្នកប្រើប្រាស់តាមរយៈវិធីសាស្ត្រ Copy & Past ខម្មិន្តដែលមានស្រាប់ទៅក្នុងផ្នែកខម្មិន្ត (comment section) ក្នុងផូសនៅពេលផ្សាយផ្ទាល់ ដោយមិនមែនជាការសរសេរ ឬប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិកម្ម (automation software/tool) ។

Generate comment គឺជាការផូសខម្មិន្តដោយប្រើប្រាស់ កម្មវិធីកុំព្យុទ័រ ស្វ័យប្រវត្តិកម្ម (automation software/tool) ក្នុងការខម្មិន្តដោយខ្លួនឯង ដោយអ្នកប្រើប្រាស់មិនបានសរសេរ ឬធ្វើការ Copy & Past ពោលគឺប្រើប្រាស់កម្មវិធីកុំព្យុទ័រជួយផូសខម្មិន្តដោយស្វ័យប្រវត្តិ ។

ការសរសេរ ខម្មិន្ត គឺជាការផូសខម្មិន្តដោយអ្នកប្រើប្រាស់ផ្ទាល់ ដោយការសរសេរសារខម្មិន្តក្នុងផ្នែកខម្មិន្ត (comment section) ក្នុងផូសផ្សាយ ដោយមិនបានប្រើប្រាស់

Spamming comment:​ គឺជាខម្មិន្តរំខាន់​ដែលបានផូសនូវពាក្យ​ ដដែលច្រើនដង​។

ការពន្យល់ពីទិន្នន័យដែលយកមកដំណើរការពិនិត្យ​ ៖

តារាងខាងក្រោមនេះ គឺជាទិន្នន័យទាំងអស់ដែលខ្ញុំបានសំអាតក្រោយពេលទាញយកពី Post ID នៃថ្ងៃនីមួយៗមកដំណើរការពិនិត្យ​ និងស្វែងយល់។

បើយើងពិនិត្យមើលព័ត៌មានសរុបក្នុងតារាងទិន្នន័យខាងលើនេះ​ យើងអាចស្វែងយល់បានពី​ចំនួនឈ្មោះគណនី​ជាក់លាក់ដែលធ្វើការផូសខម្មិន្តតាមថ្ងៃនីមួយៗ និងចំនួនខម្មិន្តពិតប្រាកដ និងចំនួនស្ទួនគ្នានៃខម្មិន្តដែលផូស​។​ ចំនួនស្ទួនគ្នានៃខម្មិន្តគឺជាចំនុចសំខាន់​ ដោយសារតែវាអាចសំគាល់ពីរបៀបដែលគណនីធ្វើការផូសខម្មិន្ត។​ របៀបផូសខម្មិន្តនេះអាចពន្យល់យើងពីថាតើ​ ការផូសនោះជាទម្លាប់របស់អ្នកសរសេរខម្មិន្តទូទៅ ឬខម្មិន្តដែលត្រូវបាន create​ ឬខម្មិន្តដែលត្រូវបាន generate ។ ចំណែកចំនួនឈ្មោះគណនីវិញ គិតពីថ្ងៃ១ ដល់ថ្ងៃ១០​ គីមានពីចន្លោះ ៩០០ ទៅ២០០០ គណនីជាង ដែលបានធ្វើការផូសខម្មិន្ត។ ជាមធ្យមភាគក្នុងមួយថ្ងៃ គណនីមួយ អាចធ្វើការផូសខម្មិន្ត​ ១០ដង។​

ខាងក្រោមនេះ គឺជាការពន្យល់ពីតារាងព័ត៌មានក្រាហ្វិចនៃទិន្នន័យពីការខម្មិន្ត ឈ្មោះគណនី គន្លាតពេលវេលានៃ​គណនីដែលបានផូសខម្មិន្ត និងលំនាំពាក្យ ឬឃ្លាខម្មិន្ត។​ ខ្ញុំដកស្រង់ទិន្នន័យថ្ងៃទី១​ ខែកក្ដដា​ ឆ្នាំ២០២៤ មកពន្យល់។​ សម្រាប់ថ្ងៃបន្តបន្ទាប់ អ្នកទាំងអស់គ្នាអាចអាននៅទំព័រខាងក្រោមៗ។

ក. ចំនួនខម្មិន្តស្ទួន​ ដែលត្រូវបានផូសច្រើនជាងគេ៖ ព័ត៌មានក្នុងតារាងនេះ គឺបង្ហាញពីពាក្យខម្មិន្តជាក់លាក់ និងចំនួនស្ទួននៃខម្មិន្តដែលត្រូវបានអ្នកខម្មិន្ត (Commenter) ផូសច្រើនជាងគេក្នុងពេលផ្សាយជាក់លាក់។

ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យចំនួនខម្មិន្តស្ទួនដែលត្រូវបានផូសច្រើនជាងគេក្នុងផូសជាក់លាក់ថ្ងៃទី១ (Post ID: 1112783173153095)​​។​

ការសង្ខេប៖
ខម្មិន្ត “ហត់មែន”​ ត្រូវបានផូសចំនួន ៨២ដង។​ ខម្មិន “វិទ្យុនិយាយលាបពណ៌” ត្រូវបានផូសចំនួន ១០១ដង។ ខម្មិន្ត “វិទ្យុចាក់រុក” ត្រូវបានផូសចំនួន ១០៨ដង ជាដើម។

. ចំនួនឈ្មោះគណនី ដែលធ្វើការផូសខម្មិន្តច្រើនជាងគេ៖ ព័ត៌មានក្នុងតារាងនេះ គឺបង្ហាញពីចំនួនឈ្មោះគណនី ដែលបានផូសខម្មិន្តច្រើនជាងគេក្នុងពេលផ្សាយជាក់លាក់។​ ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យចំនួនគណនីដែលត្រូវបានផូសច្រើនជាងគេក្នុងថ្ងៃទី១​ (Post ID: 1112783173153095)​។

ការសង្ខេប៖
ឈ្មោះគណនី​ “SOK BAO”​ ផូសខម្មិន្តចំនួន ១០៨ដង។ ឈ្មោះគណនី “BUN VICHHEKA” ផូសខម្មិន្តចំនួន ៦១ដង។ ឈ្មោះគណនី “ស៊ូ ថាយី” ផូសខម្មិន្តចំនួន ៦១ដង។

. ចំនួនគណនី និងចំនួនខម្មិន្តធ្វើឡើងក្នុងរយៈពេល១០នាទី៖ ព័ត៌មានក្នុងតារាងនេះ គឺបង្ហាញពីចំនួនគណនីអ្នកប្រើប្រាស់ជាក់លាក់ (unique_user) និងចំនួនខម្មិន្តសរុប (all_cmt) ក្នុងមួយនាទីៗ រយៈពេល ១០នាទី។ ចំនួន ១០នាទីនេះ គឺជានាទីនៅដើមការផ្សាយផ្ទាល់។ ខ្ញុំចង់ពិនិត្យមើលពីលំនាំនៃការ សរសេរ create និង generateខម្មិន្ត ព្រមទាំងគន្លាតពីមួយនាទីទៅមួយនាទី ថាតើចំនួនអ្នកខម្មិន្តពិតប្រាកដ និងចំនួនខម្មិន្តសរុបដែលអ្នកខម្មិន្តបានផូសក្នុងរយ: ១០នាទី។​ ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យចំនួនគណនី និងចំនួនខម្មិន្តធ្វើឡើងក្នុងរយ:ពេល ១០នាទី ក្នុងថ្ងៃទី១ (Post ID: 1112783173153095)​​។

ការសង្ខេប៖
– នៅម៉ោង 7:27នាទី​ យើងឃើញមាន ៥គណនី ធ្វើការផូសខម្មិន្តចំនួន ៨លើក។​
– រវាងម៉ោង​ 7:28 និងម៉ោង 7:29​ (១នាទី)​ ចំនួនគណនីបានកើនឡើងពី ១៦គណនីទៅ ៨៥គណនីភ្លាមៗ។​
– ចាប់ពីម៉ោង 7:29, 7:30, 7:31 យើងឃើញមានកាលកើនឡើងនៃចំនួនគណនីទ្វេដង​ ពោលគឺកើនឡើងពី ៨៥គណនី ទៅ១៥៤គណនី និងទៅ២២៦គណនី ក្នុងរយ:ពេលត្រឹម៣នាទី។​
– ចន្លោះម៉ោង 7:31​ រហូតដល់ 7:36 គឺចំនួនគណនីដែលខម្មិន្តមានចំនួនថេរ។
– បើយើងក្រឡេកទៅមើលចំនួនខម្មិន្តវិញ គឺមានការកើនឡើងយ៉ាងគំហុកនៅម៉ោង 7:29 និងម៉ោង 7:30នាទី​ (១នាទី) គឺចាប់ពី ១៩៧ខម្មិន្ត ទៅដល់ ៥២៦ខម្មិន្ត។​
– អាត្រាខម្មិន្ត និងគណនី ដែលខ្ពស់ជាងគេនោះគឺនៅម៉ោង 7:34​ ដែលមានគណនី ២៤៧ បានផូសរហូតដល់ ៨៥២ខម្មិន្ត មានន័យថា ក្នុងរយ:ពេល ១នាទី គណនីមួយអាចផូសបាន៣ខម្មិន្ត។

. ប្រៀបធៀបខម្មិន្តទាំងអស់ និងខម្មិន្តជាន់គ្នា៖ ព័ត៌មានក្នុងតារាងនេះ គឺបង្ហាញពីការប្រៀបធៀប ចំនួនខម្មិន្តជាក់លាក់ (unique_cmt) ចំនួនខម្មិន្តដែលជាន់គ្នា (Duplicate_cmt) និង ចំនួនខម្មិន្តទាំងអស់បូកចូលគ្នា (all_cmt)។ ខ្ញុំចង់ពិនិត្យមើល ពីចំនួនខុសគ្នានៃខម្មិន្តជាក់លាក់ និងខម្មិន្តជាន់គ្នា ឬខម្មិន្តដដែលៗ ក្នុងរយៈពេល ១០នាទីនេះ។ ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យប្រៀបធៀបចំនួនខម្មិន្តសរុប និងចំនួនខម្មិន្តស្ទួនគ្នាក្នុងថ្ងៃទី១ (Post ID: 1112783173153095)​​។

ការសង្ខេប៖
-​ នៅចន្លោះម៉ោង 7:27 និងម៉ោង​ 7:28 យើងមិនឃើញមានខម្មិន្តស្ទួនកើតឡើងនោះទេ។ តែចាប់ពីម៉ោង 7:29 ដល់ម៉ោង 7:36​ យើងឃើញមាន
– នៅម៉ោង 7:34 យើងពិនិត្យឃើញ​ unique comment​ ចំនួនត្រឹមតែ ៥៩៩ខម្មិន្តប៉ុណ្ណោះ​ ប៉ុន្តែមាន Duplicate comment ចំនួន ២៥៣ ដែលធ្វើឲ្យចំនួនខម្មិន្តសរុបកើនឡើងដល់ ៨៥២ មានន័យថាក្នុង៣ខម្មិន្តអាចមានស្ទួនគ្នា១ដង។
– នៅចន្លោះម៉ោង 7:31​ ដល់ម៉ោង 7:34 ចំនួន Duplicate comment គឺមានចំនួនថេរក្នុងរយ:ពេល ៤នាទីនេះ។

. ខម្មិន្តដែលមានលេខរៀង៖ ព័ត៌មានក្នុងតារាងនេះ គឺបង្ហាញពីលំនាំនៃខម្មិន្ត (comment pattern) ដើម្បីបញ្ជាក់ពីលំនាំនៃការ create និង generate ខម្មិន្ត។ ក្នុងតារាងនេះ ឃើញមាន “លេងរៀង” នៅពីមុខខម្មិន្ត ដែលហាក់ដូចជាបញ្ជីខម្មិន្តដែលគេយកទៅប្រើប្រាស់ក្នុងការ create ឬ generateខម្មិន្ត។ ទម្រង់ខម្មិន្តបែបនេះ ក៏ឃើញមាននៅគ្រប់ផូសទាំងអស់ (១០ ផូស)ដែរ។​ ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យ ក្នុងថ្ងៃទី១​។


ការសង្ខេប៖
-​ ខម្មិន្តទាំងនេះសុទ្ធសឹងតែមានលេខនៅពីមុខ។ លេខទាំងនោះមានតាមលំដាប់ ដែលអាចមានន័យថាខម្មិន្តទាំងនេះគឺត្រូវបានកត់ទុកជាបញ្ជីខម្មិន្ត ដែលបញ្ជីនេះសម្រាប់ឲ្យកម្មវិធីកុំព្យុទ័រណាមួយធ្វើការទាញយកទៅធ្វើការខម្មិន្តដោយស្វ័យប្រវត្តិ។
– ក្នុងខម្មិន្តដែលដាក់ពណ៌លឿង​ គឺសុទ្ធតែខម្មិន្តស្ទួនគ្នាលើសពី​ ២ដង។​ វាហាក់ដូចជាបង្ហាញពីវិធីនៃការផូសខម្មិន្ត​ ដោយ copy &​ past​ ឬការ generate comment​ ដោយស្វ័យប្រវត្តិ។​

ច. ខម្មិន្តដែលមានលំនាំ​ ដកឃ្លា និងបន្ថែមសញ្ញានូវចន្លោះពាក្យ៖ ក្នុងតារាងនេះ គឺបង្ហាញពីលំនាំនៃខម្មិន្តដែលមើលទៅហាក់បីដូចជាមានភាពរញ៉េរញ៉ៃ ដោយមិនចំជាទម្រង់ឃ្លា ឬពាក្យ។ តួអក្សរក្នុងខម្មិន្តខ្លះត្រូវបាន ដកឃ្លា ឬប្រើសញ្ញាចុច ឬសញ្ញាផ្សេងៗ ឬដកឃ្លាច្រើនដង។ ទម្រង់នៃខម្មិន្តនេះ គឺត្រូវបានគេស្គាល់ថា ជាទម្រងអក្សរដែលក្រុមអ្នករកស៊ីផលិតមាតិកាមួយចំនួន ជាមួយនឹងបណ្តាញសង្គមហ្វេសប៊ុក សរសេរដើម្បី បញ្ជៀសពីការចាប់ពាក្យរស៊ើប (sensitive words) ពីហ្វេសប៊ុក និងចាត់ថ្នាក់ពីការរំលោភលើគោលការណ៍នៃការប្រើប្រាស់ ក៏ដូចជាគោលការណ៍រកប្រាក់ចំណូល (monetization) របស់ហ្វេសប៊ុក។ លំនាំនេះក៏អាចបញ្ជៀសពីមុខងារការច្រោះពាក្យខម្មិន្ត (Comment moderation filtering) របស់អ្នកគ្រប់គ្រងផេកដែលបានកំណត់ទុកដើម្បីបញ្ជៀសនូវពាក្យខម្មិន្តមួយចំនួនដែលអ្នកគ្រប់គ្រងផេកមិនចង់ឲ្យអ្នកខំមិ្មន្ត អាចធ្វើការខម្មិន្តបាន។ ក្នុងតារាងខាងក្រោមនេះ​ គឺជាទិន្នន័យ ក្នុងថ្ងៃទី១​។

ឆ. ការតម្រៀបខម្មិន្តតាមព្យញ្ជនៈខ្មែរ ពីអក្សរ ក-អ៖ ក្នុងតារាងខាងក្រោមនេះគឺជាទិន្នន័យនៃពាក្យ និងឃ្លាខម្មិន្តដែលតម្រៀបគ្នាតាមលំដាប់នៃព្យព្ជានៈខ្មែរ។ ដោយសារតែទិន្នន័យច្រើន និងវែងពេក ខ្ញុំដកស្រង់តែបីតួអក្សរ “ និង” ដែលមានត្រឹម ៣០ពាក្យ និងឃ្លា មកបង្ហាញដើម្បីមើលពីលំនាំនៃពាក្យ និងឃ្លាខម្មិន្ត។

ការយល់ឃើញរបស់ខ្ញុំ

ខ្ញុំមិនមានការភ្ញាក់ផ្អើលខ្លាំងនោះទេ​ ក្រោយពីខ្ញុំបានធ្វើដំណើរការទិន្នន័យដើម្បីពិនិត្យមើលពីលំនាំនៃខម្មិន្តដែលបានផូសក្នុងអំឡុងពេល ១០ថ្ងៃ ក្នុងខែកក្ដដា ឆ្នាំ២០២៤ នៅលើផូស របស់ហ្វេសប៊ុកផេក វិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ។

ខ្ញុំផ្អែកលើ​ ៣ចំណុចក្នុងការស្វែងយល់ពីការសិក្សារបស់ខ្ញុំនេះ។


ផ្នែកទី១
:​ ការពិនិត្យមើលពីទិន្នន័យស្ទួន និងស្រដៀងគ្នារបស់ខម្មិន្ត

ខ្ញុំយល់ថា ខំម្មិនស្ទួន និងស្រដៀងគ្នាចន្លោះថ្ងៃទី១ និងទី១០ គឺអាចបង្ហាញពីការប្រើប្រាស់កម្មវិធីកំព្យុទ័រជំនួយក្នុងការផូសខម្មិន្ត ឬខ្ញុំហៅថា generate comment​។​ ជាទម្លាប់របស់អ្នកផូសខមិ្មន្ត បើទោះបីស្អប់ ឬមិនចូលចិត្ត ទៅលើមាតិកាដែលពួកគេបានឃើញនៅលើបណ្តាញសង្គម ខម្មិន្តពួកគេអាចស្រដៀង​ តែមិនអាចដូចៗច្រើនដង​។​ យើងអាចឃើញបានថា ខម្មិន្តខ្លះរហូត១០០ដងជាង ដែលត្រូវបានផូសក្នុងមួយពេលនៃការផ្សាយផ្ទាល់។ បើទោះបីថា អាចមានកម្មវិធីកុំព្យុជំនួយក្នុងការផូសក្តី​ ក៏ខ្ញុំមិនយល់ថា​ ខម្មិន្តទាំងអស់នេះសុទ្ធសឹងតែត្រូវបាន generate ដោយកុំព្យុទ័រទាំងស្រុងដែរ​ មានន័យថា អាចមានមនុស្សពិតប្រាកដជាអ្នក create comment​ ដោយប្រើប្រាស់វិធីសាស្ត្រ​ copy & past​ នូវខម្មិន្តដែលមានស្រាប់ ដើម្បីកាត់បន្ថយការសរសេរ​ ឬរកនឹកពាក្យខម្មិន្ត។​

ផ្នែកទី២: ការពិនិត្យមើលពីគម្លាតនាទីចំនួន ១០នាទីដែលគណនីបានចូលផូសខម្មិន្ត

ខ្ញុំយល់ថា​ ការកើនឡើងនៃចំនួនខម្មិន្តភ្លាមៗនៃចន្លោះពី១នាទី ទៅ១នាទី ជាពិសេសគឺការកើនឡើងនៃចំនួនគណនី ពីខ្ទង់រាយ ដល់ខ្ទង់រយភ្លាមៗនៅនាទីដំបូងៗ និងនាទីបន្ទាប់​ គឺហាក់បីដូចជាមិនមែនជាមនុស្សពិតប្រាក់សរសេរនោះទេទេ។​ ម្យ៉ាងវិញទៀត ក្រោយពីការកើតឡើងកំហុគក្នុងនៃចំនួនគណនី គឺចំនួនគណនីទាំងនោះមានអាត្រាថេរ នៅនាទីបន្ទាប់​ ដោយមិនមានការកើនឡើង និងធ្លាក់ចុះនូវចំនួន​គណនី ដែលគួរឲ្យកត់សំគាល់ (មានការឡើងចុះតិចតួច)។ ករណីនេះធ្វើឲ្យខ្ញុំសង្ស័យ​ពីការប្រើប្រាស់កម្មវិធីកុំព្យុទ័រជំនួយដល់ការបញ្ជូនគណនីដែលត្រូវបានគ្រប់គ្រងដោយម្ចាស់កម្មវិធីកុំព្យុទ័រនោះ ទៅកាន់ Post ID​ របស់ហ្វេសប៊ុកផេក​ វិទ្យុអាស៊ីសេរី។​

ផ្នែកទី៣: ការពិនិត្យមើលពីលំនាំខម្មិន្តដែលគណនីបានផូស

ខ្ញុំយល់ថា លំនាំសរសេរខម្មិន្តដែលមានបង្ហាញជាលេខរៀងនៅពីមុខពាក្យ ឬឃ្លានោះ អាចបង្ហាញពីបញ្ជីថា​ ពាក្យឃ្លា ខមិ្មន្តទាំងនោះគឺត្រូវបានរៀបចំជាបញ្ជីដោយដាក់តំរៀបតាមលេងរៀង។​ នៅក្នុងថ្ងៃទី៥ ខែកក្ដដា ខ្ញុំឃើញមានពាក្យខម្មិន្តមួយសរសេរថា​ “7000 លេបឡប់លើៗ”​ ហើយផូសចំនួន ១៣ដង។​ បើសិនជា 7000​ ជាតំណាងនៃរៀង នោះមានន័យថា ការចងក្រងខម្មិន្តនេះជាបញ្ជីមានរហូតដល់​ ៧ពាន់ខម្មិន្ត។ ម្យ៉ាងវិញទៀត​ លំនាំពាក្យ ឬឃ្លាខមិ្មន្តដោយសារដកឃ្លា ឬប្រើចុច (dot) ដើម្បីញែកព្យញ្ជន: ឬពាក្យចេញពីគ្នា ដើម្បីជៀសវាងហ្វេសប៊ុកចាប់នូវពាក្យរស៊ើប (sensitive word) រួចហើយលុបគណនីនោះ ឬក៏ជៀសវាងពីម្ចាស់ផេកក្នុងការច្រោះពាក្យមិនឲ្យផូសខម្មិន្ត។​ ពេលពិនិត្យឃើញបែបនេះហើយ ខ្ញុំយល់ថាមិនការផូសខម្មិន្តទាំងនោះ​​ អាចថាមិនមែនជាការសរសេរដោយម្ចាស់គណនីផ្ទាល់នោះទេ។ ខ្ញុំមានជំនឿភាគច្រើនថា អាចមានការប្រើប្រាស់កម្មវិធីផូសខម្មិន្តដោយស្វ័យប្រវត្តិ។

សេចក្តីបញ្ចប់ តាមការរយ:ការសិក្សាស្វែងយល់ពីលំនាំខម្មិន្តដែលបានផូសនៅលើហ្វេសប៊ុកផេកវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ ចន្លោះថ្ងៃទី១ ដល់ទី១០ ខែកក្ដដា ឆ្នាំ២០២៤នេះ ធ្វើឲ្យខ្ញុំសនិ្នដ្ឋានបឋមថា ការខម្មិន្តនេះភាគច្រើនគឺជាការប្រើប្រាស់កម្មវិធីកុំព្យុទ័រផូសខម្មិន្តដោយស្វ័យប្រវត្តិ​ ដែលខ្ញុំចាត់ទុកវាជាការ generate comment​ រួមផ្សំនឹងការ create​ comment​ ដោយវិធីសាស្ត្រ copy & past ខម្មិន្តដោយមនុស្ស។ ចំណែក ការសរសេរខំមិ្មន្តដោយម្ចាស់គណនីផ្ទាល់ ក៏មានដែរ តែមិនច្រើន។

ការសិក្សាបឋមនេះ​ អាចឱកាសដល់អ្នកសិក្សាស្រាវជ្រាវផ្សេងទៀតធ្វើការសិក្សាលំអិតបន្ថែម ពីភាពពិតប្រាកដរបស់គណនីនីមួយៗ និងចេតនារបស់គណនីទាំងនោះក្នុងការផូសខម្មិន្តទាំងនេះ។

ខ្ញុំក៏មានការព្រួយបារម្ភមួយចំនួនផងដែរចំពោះការប្រើប្រាស់វិធីសាស្ត្រនេះទៅផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនមានការពិត (mis/disinformation)​ ឬមានចេតនាក្នុងការបំភាន់ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺប៉ះពាល់ដល់ សេដ្ឋកិច្ច​ សង្គម វប្បធម៌ ប្រពៃណីទំនាមទំលាប និងនយោបាយប្រទេសជាតិ។​

ខ្ញុំលើកទឹកចិត្តឲ្យមានការសិក្សាលំអិតបន្ថែម ដើម្បីជៀសវាងការយល់ច្រឡំ ការស្អប់ ការគុំគួន ការជេរប្រមាថគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម។

ខ្ញុំសូមអរគុណ​ ដែលបានអានអត្ថបទការសិក្សារបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា វាអាចក្លាយជាចំណែកក្នុងការកសាង​ និងអភវិឌ្ឍន៍ចំណេះដឹងរបស់យើងគ្រប់គ្នាបន្ថែមទៀត។



សរសេរដោយ៖ ង៉ែត​​ ម៉ូសេ អ្នកប្រឹក្សាសន្តិសុខឌីជីថល
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤

ទាញយក ឯកសារការសិក្សាទាំងស្រុង ចុចទីនេះ