ក្រុមការពារសិទ្ធិមនុស្ស បានលើកឡើងថា សេរីភាពនៃការប្រើប្រាស់បណ្ដាញសង្គម នឹងរឹតស្ថិតក្រោមការគំរាមកំហែងបន្ថែមទៀត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញឲ្យដឹងថា លោកនឹងដំឡើងម៉ាស៊ីនដ៏ទំនើប ដើម្បីតាមដានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់រូបលោក។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន ហៅស្ពានអាកាសផ្សារដីហុយកាលពីថ្ងៃម្សិលមិញនេះ លោក ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងមួយចំនួន តែងតែសរសេររិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម ហើយលោកបានជំរុញទៅស្ថាប័នជំនាញឲ្យដំឡើងម៉ាស៊ីនសម្រាប់តាមដានអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ។
ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ង៉ែត ម៉ូសេ បានចាត់ទុកថា នេះជាសារព្រមានទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត និងចេះការពារខ្លួន នៅរាល់ពេលបង្ហោះសារ ឬរូបភាព ឬសរសេរសាររិះគន់រដ្ឋាភិបាល ប៉ុន្តែ លោកថា វាជំរុញឲ្យពលរដ្ឋភ័យខ្លាចក្នុងការរិះគន់រដ្ឋាភិបាលផងដែរ។
លោកផ្តល់ជាអនុសាសន៍ថា៖ «បើសិនជាគាត់និយាយក្នុងន័យទប់ស្កាត់បញ្ហាមុន អត់អីទេ ប៉ុន្តែ ឲ្យច្បាស់ ប្រសិនគាត់មានប្រសាសន៍អត់ច្បាស់ទេ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច វាទៅជាបំភ័យគេហើយ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានឲ្យដឹងថា កម្ពុជាជាម្ចាស់ហត្ថលេខីលើច្បាប់អន្តរជាតិនានា ដែលធានាដល់សិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែ លោកថា បើរដ្ឋាភិបាលថ្លែងបែបនេះ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ internetworldstats.com បានឲ្យដឹងថា គិតមកដល់ឆ្នាំ២០១៧ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានប្រមាណ ៦លាន ៣សែននាក់ ឬប្រហែលនឹង ៣៩ភាគរយ នៅក្នុងចំណោមប្រជាជនជាង ១៦លាននាក់នៅទូទាំងប្រទេស។
របាយការណ៍អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានវាយតម្លៃថា សេរីភាពអ៊ិនធឹណិតនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះខ្លាំងចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីការបង្ក្រាបទៅលើសកម្មជនបក្សប្រឆាំង និងក្រុមអ្នករិះគន់ ដែលបានប្រើប្រាស់បណ្ដាញសង្គមរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រភព VOD Khmer