ចំនួននៃអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមានការកើនឡើងជារៀងរាល់ថ្ងៃនៅលើពិភពលោក។ តើបណ្ដាញសង្គមអាចបង្កបញ្ហាអ្វីខ្លះដល់អ្នកប្រើប្រាស់?
បណ្ដាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយដែលមនុស្សប្រើប្រាស់ដើម្បីបង្កើត ឬភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈការចែករំលែក និងផ្លាស់ប្ដូរព័ត៌មាន ឬទស្សនៈតាមប្រព័ន្ធអនឡាញ (Online)។
បច្ចុប្បន្ននេះ បណ្ដាញសង្គមដែលមនុស្សនិយមប្រើប្រាស់ច្រើនជាងគេរួមមាន Facebook YouTube WhatsApp WeChat Instagram Tik Tok QQ QZone Weibo Reddit Kuaishou Snapchat Twitter LinkedIn Tumblr Vimeo Telegram និង Signal ជាដើម។
ជាទូទៅ មនុស្សប្រើប្រាស់បណ្ដាញសង្គមទាំងនេះដើម្បីទាក់ទងជាមួយសមាជិកគ្រួសារ មិត្តភក្ដិ ទំនាក់ទំនងនៅក្នុងការងារ ការធ្វើអាជីវកម្ម ការផ្សាយពាណិជ្ជកម្ម ការសិក្សា ការពង្រីកបណ្ដាញ ការធ្វើយុទ្ធនាការ ឬការឃោសនាកៀរគរសំឡេងគាំទ្ររបស់អ្នកនយោបាយផងដែរ។
គិតត្រឹមខែមេសា ឆ្នាំ២០២០ បណ្ដាញសង្គមដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេ គឺ Facebook ដែលមានប្រមាណ ២.៥០០លាននាក់ តាមពីក្រោយដោយ YouTube និង WhatsApp ដែលមានប្រហែល ២.០០០លាននាក់។ ចំណែក Tik Tok ដែលជាបណ្ដាញសង្គមមួយកំពុងមានប្រជាប្រិយភាពខ្លាំងដែរនោះ មានអ្នកប្រើប្រាស់ប្រមាណ ៨០០លាននាក់ និង Twitter ដែលគេនិយមប្រើច្រើននៅសហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុបមានប្រហែល ៣៥០លាននាក់។
ចំណែកនៅកម្ពុជា គេហទំព័រ Geeks in Cambodia បង្ហាញថានៅក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ប្រមាណ ៨លាន ៨សែននាក់ ដែលជាកំណើនយ៉ាងរហ័សបើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានក្រោម ៥លាននាក់ប៉ុណ្ណោះ។ ចំណែក YouTube ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មានជិត ២លាននាក់ តាមពីក្រោយដោយ Instagram ជាង ៧សែននាក់ Tik Tok ប្រហែល ៥សែននាក់ Linkedin ជាង ៣សែននាក់ និង Twitter ប្រមាណ ២សែននាក់។
ប្រជាជនកម្ពុជាដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានអាយុចន្លោះពី ១៣ឆ្នាំរហូតដល់ជាង ៦០ឆ្នាំ។ ប៉ុន្តែចំនួនប្រជាជនដែលប្រើប្រាស់ច្រើនជាងគេ គឺជាយុវជនដែលមានអាយុចន្លោះពី ២២ ដល់ ២៦ឆ្នាំ ដែលមានប្រមាណ ៣៣% នៃអ្នកប្រើប្រាស់សរុប។
អ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាមើលឃើញថា ជាទូទៅប្រជាជនកម្ពុជាប្រើប្រាស់បណ្ដាញសង្គមដើម្បីទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃសម្រាប់ផ្តល់ ទទួល និងចែករំលែកព័ត៌មានសម្រាប់ការកម្សាន្ត ឬលំហែអារម្មណ៍ និងសម្រាប់ការងារពាណិជ្ជកម្ម។
បណ្ដាញសង្គមបានផ្តល់អត្ថប្រយោជន៍វិជ្ជមានជាច្រើនដល់អ្នកប្រើប្រាស់ ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏អាចបង្កជាបញ្ហា ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើមិនចេះប្រើវាឱ្យបានត្រឹមត្រូវ។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខឌីជីថល (Digital) លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថា គ្រប់បណ្ដាញសង្គមទាំងអស់សុទ្ធតែបង្កឱ្យមានបញ្ហាប្រសិនបើអ្នកប្រើប្រាស់ខ្វះការអប់រំ ឬចំណេះដឹងអំពីប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញទំនាក់ទំនងសង្គម។ លោកបានប្រៀបធៀបថា ការរៀនសូត្រពីការប្រើប្រាស់បណ្ដាញសង្គមគឺដូចគ្នាទៅនឹងការរៀនបើកបររថយន្តអ៊ីចឹងដែរ។ បើអ្នកបើកបរមិនទាន់ចេះបើកបរ និងមិនចេះច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនោះទេ ពួកគេងាយនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។
លោក ម៉ូសេ មានប្រសាសន៍បន្ថែមថា៖ «បើអ្នកប្រើប្រាស់អត់បានរៀនសូត្រឈ្វេងយល់ពីវា (ប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាទេ) គឺដូចជាការកាន់ចង្កូតបើកឡាននៅលើផ្លូវដែលយើងអត់បានរៀន (បើកឡាន) សោះ យើងសំណាងបើយើងអត់អី ប៉ុន្តែបើយើងមានបញ្ហាវិញ យើងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផង»។
ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់បណ្ដាញសង្គមបានបង្កបញ្ហាផ្សេងៗជាច្រើនដល់អ្នកប្រើប្រាស់។ បញ្ហាទាំងនោះមានដូចជា ការបាក់ទឹកចិត្ត ការថប់បារម្ភ ការយាយី ឬគំរាមកំហែងតាមប្រព័ន្ធអនឡាញ ជំងឺព្រួយបារម្ភខ្លាចខ្លួនឯងបាត់ព័ត៌មាន បាត់បង់ពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកឬគេង និងជំងឺញៀនកាន់ទូរស័ព្ទ។ល។
លោក ហឿ សេធុល អ្នកជំនាញចិត្តសាស្ត្រប្រចាំសាលាអប់រំពិសេស KCPS ដែលជាស្ថាប័នផ្ដល់សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត មានប្រសាសន៍ថា បណ្ដាញសង្គមអាចបង្កផលប៉ះពាល់ផ្លូវចិត្តដល់អ្នកប្រើប្រាស់តាមរយៈការឃើញរូបភាព ឬព័ត៌មានដែលធ្វើឱ្យរន្ធត់ រូបភាពមនុស្សស្លាប់ ឬគ្រោះថ្នាក់ដល់ជីវិត ការវាយដំឬការប្រើហិង្សាបំពារបំពានលើរូបរាងកាយដែលអាចធ្វើឱ្យអ្នកមើលបាក់ស្បាត។
ចំណែកផលប៉ះពាល់ចេញពីអ្នកប្រើប្រាស់ផ្ទាល់វិញ គឺកង្វះចំណេះដឹងរបស់អ្នកប្រើប្រាស់តែម្តង។ ពួកគេអាចផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមានភាពអវិជ្ជមាន អសីលធម៌ ការជេរប្រមាថ ការបរិហារកេរ្តិ៍អ្នកដទៃ ការប្រើប្រាស់ពាក្យពេចន៍អសុរោះដែលអាចធ្វើឱ្យកុមារឬយុវជនយកគំរូតាម និងមានអាកប្បកិរិយារស់នៅមិនល្អនៅក្នុងសង្គម។
ដើម្បីការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ផ្លូវចិត្តដោយសារការប្រើប្រាស់បណ្ដាញសង្គម លោក ហឿ សេធុល ណែនាំថា៖ «វាទាមទារឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់មានការទទួលខុសត្រូវ ឱ្យដឹងថាអ្វីដែលខ្លួនធ្វើវាអាចនឹងមានផលប៉ះពាល់មិនល្អ វាអាចមានផលអវិជ្ជមានដល់អ្នកដទៃ»។
មិនទាន់មានការសិក្សាអំពីទំហំនៃផលប៉ះពាល់ទៅលើផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដោយសារតែការប្រើប្រាស់បណ្ដាញសង្គមនៅឡើយទេ តែទោះជាយ៉ាងណា លោក ហឿ សេធុល សន្និដ្ឋានថា ទំហំនៃផលប៉ះពាល់គឺធំ។ លោកលើកហេតុផលថា អ្នកប្រើប្រាស់ខ្លះបានប្រើប្រាស់សេរីភាពរបស់ខ្លួនហួសព្រំដែន ដោយធ្វើការផ្សព្វផ្សាយមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ ជាពិសេសទៅដល់ផ្លូវចិត្ត និងការប្រែប្រួលអាកប្បកិរិយារបស់អ្នកដទៃ។
ដើម្បីបញ្ចៀសនូវផលប៉ះពាល់ទាំងនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្ររូបនេះផ្តល់ទស្សនៈថា អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គួរចែករំលែកព័ត៌មានពិតប្រកបដោយការទទួលខុសត្រូវ មិនផ្សព្វផ្សាយពាក្យចចាមអារ៉ាម កុំប្រើប្រាស់ពាក្យពេចន៍អសុរោះ ការជេរប្រមាថ ឬការច្រៀងចម្រៀងដោយប្រើភាសាមានលក្ខណៈអាសអាភាសដែលជាការសាបព្រោះនូវវប្បធម៌មិនល្អដល់ក្មេង និងសិស្សសាលា៕
ប្រភព៖ www.focus-cambodia.com