ការស្នើសុំសញ្ញាកំណត់សំគាល់ (blue tick/Verify) សម្រាប់ ហ្វេសប៊ុក ទ្វិតទ័រ និងតេឡេក្រាម

ខ្ញុំមិនដែលចាប់អារម្មណ៍រឿងការស្នើសុំ blue tick/verify ឬខ្ញុំសូមបកប្រែខ្លួនឯងថា “សញ្ញាកំណត់សំគាល់ព៌ណខៀវ” សម្រាប់គណនី ឬទំព័របណ្តាញសង្គមរបស់ខ្ញុំនោះទេ។ ដំបូងឡើយខ្ញុំគ្រាន់តែចង់បង្កើតប្លក់ផ្ទាល់ខ្លួនមួយនេះ ដើម្បីប្រមូលទុកនូវកិច្ចការរបស់ខ្ញុំដែលបានធ្វើកន្លងមក និងចែករំលែកនូវចំណេះដឹងរបស់ខ្ញុំ ដូចជាការធ្វើបទបង្ហាញទៅកាន់ស្ថាប័ននានា ការផ្តល់មតិក្នុងសារព័ត៌មាន ការចូលរួមកក្នុងកម្មវិធីវិទ្យុ និងការរៀបចំវេទិការផ្នែកបច្ចេកវិទ្យាជាដើម។ តែដឹងអី ការចង់ក្រងនេះវាជាប្រភពមួយក្នុងការទទួលបាននូវ សញ្ញាកំណាត់សំគាល់ សម្រាប់គណនី និងទំព័ររបស់ខ្ញុំនៅលើសេវាកម្មបណ្តាញសង្គម ហ្វេសប៊ុក ទ្វិតទ័រ និងតេឡេក្រាម

ខ្ញុំក៏សង្កេតឃើញមានការចង់បាន ការកំណត់សំគាល់នេះសម្រាប់ទំព័រ ហ្វេសប៊ុក រហូតដល់មានករណីទិញ និងជួលផេក ឬបង់លុយសម្រាប់ការផលិតនូវផេក ដែលមានការកំណត់សំគាល់នេះ។ មានការលើកឡើងថា blue tick នេះវាជាផេកមាស មានការពារពីក្រុមហ៊ុនលើសផេកដទៃទៀតដែលមិន មាន។

ខ្ញុំសូមចែករំលែកនូវបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួនដល់អ្នកទាំងអស់គ្នា ដើម្បីអាចទទួលបាននូវការកំណត់សំគាល់តាមលក្ខខ័ណ្ឌរបស់បណ្តាញសង្គម ទាំងបីខាងលើនេះ និងជៀសវាងពីការបាត់បង់ថវិការដើម្បីទទួលបានការកំណត់សំគាល់នេះ។

ការយល់ច្រឡំ និងការពិត ពីសញ្ញាកំណត់សំគាល់ (blue tick/verify)

មុននឹងចូលទៅដល់វិធីសាស្ត្រស្នើសុំ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់ពីអត្ថន័យរបស់ ការកំណត់សំគាល់ជាមួយសិន។ ខ្ញុំបែងចែកជាពីរ “ការយល់ច្រឡំ និង “ការពិត”។ ការឲ្យអត្ថន័យ ការកំណត់សំគាល់នេះ ខ្ញុំបូកបញ្ចូល ប្រភពពីរ មួយគឺពីខាងសេវាកម្មបណ្តាញសង្គម និងបទពិសោធន៍របស់ខ្ញុំ។ ដូច្នេះហើយ អាចត្រូវ និងមិនត្រូវខ្លះ។ អ្នកទាំងអស់គ្នាធ្វើការសម្រេចចិត្តខ្លួនឯង និងស្វែងយល់បន្ថែម។ បើសិនជាអ្នកទាំងអស់គ្នា មិនមានការយល់ច្រឡំ ទេនោះ អ្នកអាចរំលងផ្នែកមួយនេះបាន។

ការយល់ច្រឡំការពិត
ការកំណត់សំគាល់ (blue tick/verify) គឺជាកំណត់សំគាល់ផេកដែលមានការ ការពារពីក្រុមហ៊ុន ហើយមិនងាយគេយកបាននោះទេ។ការយល់ឃើញនេះ ត្រូវខ្លះ តែមិនទាំងអស់នោះទេ។ ការកំណត់សំគាល់ (blue tick/verify) មិនមែនសញ្ញាបញ្ជាក់ពី ភាពមានសុវត្ថិភាព រួចផុតពីការលួចយកពីបុគ្គលអាក្រក់នោះទេ។ វាបញ្ជាក់ពីអត្តសញ្ញាណផ្លូវការថា គណនីនេះ ឬទំព័រនេះ ជារបស់បុគ្គល ស្ថាប័ន ឬក្រុមហ៊ុននោះពិតប្រាកដមែន។ ចំណែកឯសុវត្ថិភាពវិញ បើម្ចាស់គណនី ឬអ្នកគ្រប់គ្រងទំព័រមិនបានធ្វើតាមវិធានសុវត្ថិភាព និងធ្វេសប្រហេស ការលួចយកគណនី ឬទំព័រនោះ អាចកើតមានដូច គណនី ឬផេកដទៃទៀតដែរ។ គ្រាន់តែថា ការស្នើសុំដើម្បីទទួលបាននូវការគ្រប់គ្រងវិញ អាចលឿនជាង គណនី ឬទំព័រដែលមិនមាន ការកំណត់សំគាល់ (blue tick/verify) ដោយហេតុថា គណនីទាំងនោះ ត្រូវបានក្រុមហ៊ុនពិនិត្យនូវឯកសារនៃការកំណត់សំគាល់រួចទៅហើយ។
ការកំណត់សំគាល់ (blue tick/verify)នៅលើហ្វេសប៊ុក គឺអាចធ្វើការ Boost ក្នុងពេល Live បានហើយមានគេចូលមើលច្រើន។ ការយល់ឃើញនេះត្រឹមត្រូវខ្លះដែរ។ ត្រឹមត្រូវគឺដោយសារហ្វេសប៊ុកមានមុខងារពិសេសមួយដែលអនុញ្ញាឲ្យទំព័រដែលមានការកំណត់សំគាល់ អាចធ្វើការ Boost ការផ្សាយផ្ទាល់បាន ប៉ុន្តែត្រង់ថាមានគេមើលច្រើន ឬលក់ផលិតផលដាច់នោះ គឺមិនត្រូវទាំងស្រុងនោះទេ។ មានករណីដែលផេកមិនមានការកំណត់សំគាល់ ប៉ុន្តែពេលផ្សាយនោះមានការចូររួមច្រើន (Engagment = Like + Share + comment) ពីអ្នកកំពុងតែមើល ហ្វេសប៊ុកនឹងសាកសួរតាមរយៈ Notification ទៅកាន់អ្នកគ្រប់គ្រងផេក ថាយក Boost ដែរឬទេ។ ម្យ៉ាងវិញទៀត ការមានគេចូលមើលច្រើន ឬលក់ផលិតផលដាច់ វាមិនអាស្រ័យទៅលើតែការមាន សញ្ញាណកំណត់សំគាល់ នេះនោះទេ
វាស្រ័យលើ ការរៀបរាប់ ការបង្ហាញ ព្រមទាំងចំណេះដឹងរបស់អ្នកលក់ទៅលើផលិតផលនោះ។ អ្នកខ្លះមានទំព័រដែលមាន ការកំណត់សំគាល់ អាច Boost បាន តែការលក់ចាញ់ទំព័រដែលអត់មាន ការកំណត់សំគាល់ ក៏មានដែរ។
ការទទួលបានការកំណត់សំគាល់ (blue tick/verify) ពិបាកណាស់ ជួលគេ ឬទិញគេក៏បានដែរ។ ចំណាយតិច ចំណេញច្រើន។ (ក្នុងករណី ទំព័រហ្វេសប៊ុក)ការយល់ឃើញបែបនេះ មិនត្រឹមត្រូវទេ។ បើជាបុគ្គលសាធារណៈ គេស្គាល់ច្រើនពីចំណេះ ជំនាញ់ និងបទពិសោធន៍របស់យើង, បើជាស្ថាប័នដែលចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ច្រើនពីសាធារណៈ និងបើជាម៉ាកយីហោដែលល្បីមានគេស្វែងរកច្រើន និងទទួលបានការទុកចិត្តពីអថិជន ការស្នើសុំវាមិនលំបាកនោះទេ។ ការជួលផេកដែលមានការកំណត់សំគាល់ ដើម្បីលក់ផលិតផល ខ្ញុំយល់ថាអ្នកលក់កំពុងបោកបញ្ឆោទអតិថិជន។ បោកបញ្ឆោត គឺដោយសារទំព័រមួយនេះ លក់ផលិតផលចម្រុះ។ ត្រង់ចំណុចនេះ អ្នកលក់ខ្លះប្រហែលយល់ឃើញថា ទំព័រផ្លូវការរបស់ហ្វេសប៊ុកដូចជាទូរទស្សន៍ ដែលអាចជួលធ្វើការផ្សព្វផ្សាយបាន។ ជាទូទៅ ទំព័រដែលមានការកំណត់សំគាល់បែបនេះ គឺជាទំព័រដែលឧក្រិដ្ឋជនបានលួចយកមកកាន់កាប់ ឬអ្នកគ្រប់គ្រងស្នើសុំត្រឹមត្រូវ តែយកមកធ្វើបែបនេះ ដើម្បីរកប្រាក់កម្រៃ ខុសពីគោលបំណង់ដែលបានស្នើសុំ។ ចំណែកឯការទិញទំព័រដែលមាន ការកំណត់សំគាល់វិញ ក៏ដូចគ្នាដែរ គឺជាទំព័រដែលត្រូវបាន ឧក្រិដ្ឋជនបានលួចយកមកកាន់កាប់ រួចហើយដាក់លក់ឲ្យយើង។ អ្នករកស៊ីតាមអនឡាញដែលមានចំណេះដឹងតិចតូច អាចនឹងត្រូវគេបោកប្រាស់ និងបាត់បង់ថវិការ។ ចំណាយតិច អាចនឹងចំណេញមួយភ្លែតច្រើនមែន តែវាមិនមែនជាម៉ូឌែលរកស៊ីអនឡាញ ដែលខ្ញុំបានអានក្នុង Facebook Business នោះទេ។
ទាល់តែមានគេ Like ច្រើនទើបហ្វេសប៊ុកប្រគល់ឲ្យខ្ញុំធ្លាប់បានឈែត (chat) ទៅសាកសួរ បុគ្គលិកហ្វេសប៊ុកតាម Facebook Business Support ដែរ ថាតើចំនួន Like ប៉ុន្នាន ឬចំនួន Engagment ប៉ុន្នានទើប ហ្វេសប៊ុកផ្តល់នូវសញ្ញាកំណត់សំគាល់។ ចម្លើយ គឺគេមិនអាចប្រាប់បាននោះទេ។ ជាបទពិសោធន៍ខ្ញុំ គឺខ្ញុំទទួលបានសញ្ញាកំណត់សំគាល់នេះពេលខ្ញុំមាន Fan Like ទំព័ររបស់ខ្ញុំប្រមាណជា ១០១២នាក់ប៉ុណ្ណោះ។ ចំណែកមិត្តភ័ក្តរបស់ខ្ញុំម្នាក់ដែលប្រកបអាជីពជាអ្នកសារព័ត៌មាន គាត់ទទួលបានសញ្ញាកំណត់សំគាល់នេះ នៅពេលដែលទំព័ររបស់គាត់មាន Fan Like មិនដល់១០នាក់ផង។ ពេលអ្នកទាំងអស់គ្នាអានពីតម្រូវការដើម្បីទទួលសញ្ញាកំណត់សំគាល់ក្នុង វិធីសាស្ត្រស្នើសុំសម្រាប់បណ្តាញសង្គមហ្វេសប៊ុក អ្នកប្រហែលជាអាចយល់បានច្រើន។
តារាងនៃការយល់ច្រឡំ និងការពិតស្តីពីសញ្ញាកំណត់សំគាល់

ហេតុផលដំបូងនៃការចាប់ផ្តើមទទួលបាននូវសញ្ញាកំណត់សំគាល់ពណ៌ខៀវបន្តបន្ទាប់

មុននឹងដល់វិធីសាស្ត្រក្នុងការស្នើសុំ ខ្ញុំចង់រៀបរាប់ពីការបង្កើតទំព័រហ្វេសប៊ុករបស់ខ្ញុំជាមុនសិន។ ខ្ញុំសរសេរកាត់ៗ។ ខ្ញុំមិនបានធ្វើដូចអ្នកលេងប៉ាហ៊ីលក់ថ្នាំ ដោយទំរាំតែបានសម្តែង គឺលក់ថ្នាំជិតអស់នោះទេ។ អានបន្តសិនទៅ ព្រោះថាការបង្កើតទំព័រនេះវាជាចំណែកនៃការដែលខ្ញុំទទួលបាន សញ្ញាកំណត់សំគាល់ពណ៌ខៀវបន្តបន្ទាប់ដែរ។ តែបើអ្នកទាំងអស់មិនចាប់អារម្មណ៍ផ្នែកនោះទេ អ្នកអាចរំលងទៅ វិធីសាស្ត្រនៃការការស្នើសុំ តែម្តងក៏បាន។

ទំព័រហ្វេសប៊ុករបស់ខ្ញុំ គឺជាការបម្លែង (convert) ពីគណនីផ្ទាល់ខ្លួនរបស់ខ្ញុំទៅជាទំព័រ គឺស្ថិតក្នុងអំឡុងពេលដែលហ្វេសប៊ុកមិនទាន់បិទមុខងារមួយនេះ។ កាលនោះ ខ្ញុំមានមិត្តភ័ក្តរបស់ខ្ញុំជាង ១០០០នាក់ ហើយពេលបម្លែងទៅនោះ បានចំនួន Like មិនដល់ ១០០០នាក់ទេ។ ខ្ញុំបង្កើតទំព័រនេះឡើងគឺក្នុងគោលបំណងកត់ត្រាទុកនូវការងាររបស់ខ្ញុំ ដូចជាបទសំភាសន៍របស់ខ្ញុំជាមួយសារព័ត៌មាន ឬវិទ្យុជាដើម។ តែក្រោយមក ក៏យល់ឃើញថា គួរតែសរសេរនូវចំណេះដឹងរបស់ខ្ញុំទុកនៅកន្លែងណាមួយប្រសើរជាងហ្វេសប៊ុក ដោយសារតែហ្វេសប៊ុក អាចលប់ ឬដកចេញនូវព័ត៌មានរបស់ខ្ញុំបាន ដូច្នេះហើយ វាមិនមែនជាកន្លែងសម្រាប់រក្សាព័ត៌មានរបស់ខ្ញុំជាយូរអង្វែងបាននោះទេ។ ខ្ញុំក៏សម្រេចចិត្តបង្កើតប្លក់របស់ខ្ញុំដោយដាក់ឈ្មោះខ្លួនឯង mosesngeth.com រួចហើយកត់ត្រាទុកនូវរាល់បទសំភាសន៍នានាក្នុងប្លក់របស់ខ្ញុំផង និងចែករំលែអត្ថបទផ្ទាល់ពីសារព័ត៌មានដែលបានសំភាសន៍ខ្ញុំទៅក្នុងទំព័រហ្វេសប៊ុកខ្ញុំដែរ។ ខ្ញុំតែងតែធ្វើបែបនេះរហូតមក។ នៅពេលមួយដែលខ្ញុំសង្កេតឃើញមានការក្លែងបន្លំគណនី ឬទំព័រហ្វេសប៊ុក និងមានករណីលួចយកទំព័រទៅកាន់កាប់ ហើយអ្នកគ្រប់គ្រងពិបាកស្នើសុំវិញ ខ្ញុំក៏រកវិធីការពារទំព័ររបស់ខ្ញុំមុនពេលដែលរឿងទាំងនោះអាចនឹងកើតឡើងចំពោះខ្ញុំ។ ខ្ញុំបានអាននូវលក្ខខណ្ឌដើម្បីទទួលបានសញ្ញាកំណត់សំគាល់ពណ៌ខៀវនេះ ខ្ញុំធ្វើតាមសេចក្តីណែនាំ ពីប្រភេទនៃទំព័រដែលអាចទទួលបាននូវសញ្ញាកំណត់សំគាល់ពណ៌ខៀវ។ ក្រោយពីបានអាន និងស្វែងយល់ពីលក្ខខណ្ឌ ខ្ញុំឃើញថា ទំព័ររបស់ខ្ញុំស្ថិតនៅក្នុង (Public Figure Category)។ ខ្ញុំស្នើសុំលើទីមួយ មិនបានជោគជ័យនោះទេ ដោយសារខ្ញុំមិនបានផ្តល់នូវព័ត៌មានគ្រប់គ្រាន់។ ខ្ញុំបានស្នើសុំលើកទីពីរ ហើយខ្ញុំបានផ្តល់នូវតំណរភ្ជាប់នានារបស់សារព័ត៌មានដែលបានសំភាសន៍ខ្ញុំ និងប្លក់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបង្ហាញពីកិច្ចការរបស់ខ្ញុំកន្លងមក។ មិនដល់មួយសប្តាហ៍ផង ខ្ញុំក៏ទទួលបានសញ្ញាកំណត់សំគាល់ពណ៌ខៀវពីហ្វេសប៊ុក។ ការទទួលបាននេះ គឺប្រហែលជាពាក់កណ្តាលឆ្នាំ ២០២០។

ទន្ទឹមគ្នានេះ ខ្ញុំក៏ស្នើសុំសញ្ញាកំណត់សំគាល់ពីបណ្តាញសង្គម ទ្វិតទ័រសម្រាប់គណនីរបស់ខ្ញុំដែរ។ ដោយនៅពេលនោះ ចៃដន្យអីពេលដែលខ្ញុំស្នើសុំ ចំពេលដែល ទ្វិតទ័រកំពុងមានបញ្ហាការវាយប្រហារទៅគណនីបុគ្គលល្បីៗដែលសញ្ញាកំណត់សំគាល់ពណ៌ខៀវនេះ ដែលធ្វើឲ្យ ទ្វិតទ័របានបិទរាល់ការស្នើរសុំជាច្រើនខែ។ ទើបប៉ុន្នានខែចុងក្រោយនេះបើកដំណើរការវិញ ប៉ុន្តែរឹតបន្តឹងខ្លាំងសម្រាប់ការបញ្ជាក់អត្តសញ្ញាណ ប៉ុន្តែដំណើរការស្នើសុំ និងការឆ្លើយតប ថាបាន ឬមិនបាន មិនមានភាពស្មុគស្មាញដូចពេលមុន។ ខ្ញុំក៏បានដាក់សំណើរតាមរយៈគណនីរបស់ខ្ញុំ ដោយផ្តល់ឲ្យទ្វិតទ័រនូវការសំភាសន៍របស់ខ្ញុំនៅលើសារព័ត៌មាន រយៈពេល ៦ខែចុងក្រោយ ដែលភាគច្រើនជាសារព័ត៌មានក្នុង និងក្រៅស្រុកជាភាសាអង់គ្លេស ព្រមទាំងប្លក់ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ជាងបីសប្តាហ៍ក្រោយមក ខ្ញុំក៏ទទួលបានសញ្ញាកំណត់សំគាល់ពណ៌ខៀវពី ទ្វិតទ័រ។

ម្សិលមិញ ដែលត្រូវហ្នឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១នេះ ខ្ញុំក៏បានសាកល្បងស្នើសុំសញ្ញាកំណត់សំគាល់ពណ៌ខៀវសម្រាប់ ប៉ុស្តិ៍ (Channel) តេឡក្រាមរបស់ខ្ញុំមួយទៀត។ ការស្នើសុំគឺមានភាពងាយស្រួលខ្លាំងណាស់ គឺខ្ញុំធ្វើតាម VerifyBot របស់ តេឡេក្រាម ដោយតម្រូវឲ្យតែយើងមានការសញ្ញាកំណត់សំគាល់យ៉ាងតិចចំនួនពីរ ពីបណ្តាញសង្គម ហ្វេសប៊ុក ទ្វិតទ័រ អ៉ិនស្តាក្រាម តិកតុក យូធូប ស្នែបឆាត (snapchat) និង VK (В Контакте – បណ្តាញសង្គមរបស់ជនជាតិរុស្សី) គឺយើងអាចទទួលសញ្ញាកំណត់សំគាល់ពណ៌ខៀវហើយ។ ខ្ញុំបានប្រគល់ បណ្តាញសង្គមដែលមានសញ្ញានេះ (ហ្វេសប៊ុក និងទ្វិតទ័រ) ឲ្យទៅ VerifyBot តេឡេក្រាមភ្លាម ខ្ញុំទទួលបានសញ្ញាកំណត់សំគាល់ពណ៌ខៀវ សម្រាប់ប៉ុស្តិ៍តេឡេក្រាមខ្ញុំភ្លាម។

វិធីសាស្ត្រស្នើសុំសម្រាប់បណ្តាញសង្គមហ្វេសប៊ុក

មុននឹងស្នើសុំអ្នកគួរពិនិត្យមើលថាតើ គណនី ឬផេករបស់អ្នកត្រូវនឹងលក្ខខណ្ឌរបស់ហ្វេសប៊ុកដែរឬទេ។ ហ្វេសប៊ុក ផ្តល់ឲ្យនូវសញ្ញាកំណត់សំគាល់តែមួយប៉ុណ្ណោះ អ្នកអាចស្នើសុំសម្រាប់គណនី ឬសម្រាប់ទំព័រដែលអ្នកគ្រប់គ្រង។ ចំណែកឯលក្ខខណ្ឌវិញ គឺបួនសំខាន់ៗ ដែលអ្នកគួរស្វែងយល់ និងអាចឲ្យយល់។

១ – ភាពពិតប្រាកដ (Authenic)៖ ផ្នែកនេះ តាមខ្ញុំយល់ឃើញគឺ បើអ្នកជា អ្នកកាសែតអាជីព អ្នកចមៀងអាជីព សីល្បករ ឬការនី អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកថតរូបអាជីព… ស្ថាប័នអ្នកបានចុះបញ្ជីត្រឹមត្រូវ និងមានប័ណ្ណប៉ាតង់…។
២ – មានតែមួយ (Unique)៖ ផ្នែកនេះ តាមខ្ញុំយល់ឃើញគឺ ភាពតំណាងឲ្យតែខ្លួនឯង មានតែយើងទេដែលតំណាងឲ្យ គណនី ឬទំព័ររបស់យើង និងមាន ទំព័រ Interest តែមួយ មិនចម្រុះ។ ខ្ញុំអាចសរសេរពន្យល់មិនច្បាស់។ ដូច្នេះសូមអាចបន្ថែមនូវតំណរភ្ជាប់ខាងក្រោមស្តីពីលក្ខខណ្ឌទាំងបួន។ ហ្វេសប៊ុក មិនផ្តល់ឲ្យសម្រាប់ទំព័រណាដែលមាន ទំព័រ Interest ចម្រុះ ឬទូទៅនោះទេ។
៣ – ពេញលេញ (Complete)៖ ផ្នែកនេះ តាមខ្ញុំយល់ឃើញគឺ ត្រូវបំពេញផ្នែក About របស់គណនី ឬទំព័រ, មាន Page ឬ profile photo និងសកម្មភាព(ការផូស) ជាប់លាប់។ មុននឹងស្នើសុំ អ្នកគួរពិនិត្យព័ត៌មានទំព័ររបស់អ្នក។ ជ្រើសរើសយកប្រភេទនៃទំព័ររបស់អ្នក (Public Figure, Non-profit, Artist, Government Official, Politician…)។ បំពេញ គេហទំព័ររបស់អ្នក (Blog, website), បណ្តាញសង្គមនានារបស់អ្នក (Twitter, Youtube, Instagram…), និងព័ត៌មាននានា តាមប្រភេទនៃទំព័រដែលអ្នកបានជ្រើសរើស។
៤ – ការកត់សម្គាល់ (Notable)៖ ផ្នែកនេះ តាមខ្ញុំយល់ឃើញ គឺយើងត្រូវបានគេស្គាល់ច្រើន។ ស្គាល់ច្រើនមិនមែនតែនៅលើហ្វេសប៊ុកនោះទេ គឺនៅលើប្រភពផ្សេងទៀតក្រៅពីហ្វេសប៊ុក ដូចជានៅក្នុងសារព័ត៌មាននានា ឬនៅក្នុងវិបសាយរបស់ស្ថាប័នផ្លូវការណាមួយ ញឹកញាប់ និងច្រើនដង។ ប្រភពដែលនៅក្រៅហ្វេសប៊ុកទាំងនេះ គឺមិនយកប្រភពណាដែលយើងបង់លុយដើម្បីផ្សាយពីយើងនោះទេ។

របៀបស្នើសុំ

 • ចូលទៅក្នុងគណនី ហ្វេសប៊ុករបស់យើង រួចហើយចូលទៅកាន់ https://www.facebook.com/help/1288173394636262 ដើម្បីអានពីលក្ខខណ្ឌទាំងបួន។
 • នៅក្នុងកម្មវិធីរុករកអ៉ីនធឺណិត (Internet Browser) បង្កើត Tab ថ្មី ដោយចម្លងតំណរភ្ជាប់ទម្រង់ស្នើសុំ https://www.facebook.com/help/contact/295038365360854 (អ្នកត្រូវប្រាកដថា អ្នកបើកតំណរភ្ជាប់នេះ នៅពេលជាមួយគ្នាអ្នកបើកគណនីរបស់អ្នក)
 • ត្រង់ចំណុច What are your verifying? ជ្រើសរើសយក គណនី (Profile) ឬទំព័រ (page) ដែលអ្នកជា admin
 • ត្រង់ចំណុច Document Type: ជាបទពិសោធន៍របស់ខ្ញុំ Driver’s License, National Idenification Card និង Recent Utillity Bill ពិបាកកំណត់ពីអត្តសញ្ញាណរបស់យើង ដោយសារតែមានអក្សរអង់គ្លេសតិចតួចដើម្បីឲ្យអ្នកពិនិត្យមើលសំគាល់ដឹងលឿន។ ខ្ញុំអាចយល់ខុសត្រង់ចំណុចនេះ។ សម្រាប់ឯកសារ Articles of incorporation អ្នកត្រូវច្បាស់ថា ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកត្រូវបានសារព័ត៌មានអាជីព ក្នុងស្រុក ឬក្រៅស្រុកជាភាសាអង់គ្លេសចុះពីការអាជីវកម្មរបស់អ្នក ដោយអ្នកមិនបានបង់លុយសម្រាប់ការចុះផ្សាយនេះទេ។ សារព័ត៌មានអាជីព គេមិនយកលុយ ក្នុងការចុះផ្សាយអត្ថបទរបស់គេនោះទេ ក្នុងករណីគេយកលុយដើម្បីចុះផ្សាយ គេនឹងដាក់អត្ថបទជាការផ្សាយពាណិជ្ជកម្ម (Paid Content ឬ Promote)។ សូមមើលលក្ខខណ្ឌទី៤ ខាងលើ។ សម្រាប់ខ្ញុំ បើអ្នកជាស្នើសុំប្រភេទជាបុគ្គលសាធារណៈ អ្នកគួរជ្រើសរើសយកឯកសារ Passport ហើយបើអ្នកជាស្ថាប័នមិនរកប្រាក់ចំណេញ (Non-profit) អ្នកគួរយកការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ រួមនឹងឯកសារការចុះបញ្ជីបង់ពន្ធ។ ដូចគ្នានឹងអាជីវកម្មដែរ អ្នកត្រូវមានឯកសារចុះបញ្ជីមុខរបរ និងការចុះបញ្ជីបង់ពន្ធ។ បើអ្នកលក់ផលិតផលម៉ាកល្បីៗ អ្នកគួរមានឯកសារការអនុញ្ញាតពីម្ចាស់ម៉ាកយីហោ ដែលអនុញ្ញាតឲ្យអ្នកលក់បន្ត។ បើមានឯកសារជាភាសាខ្មែរ អ្នកគួរយកវាទៅបកប្រែ ជាការល្អ ប៉ុន្តែមិនតម្រូវឲ្យធ្វើនោះទេ។
 • ត្រង់ចំណុច Add Document សូមអ្នកបម្លែងឯកសារដែលអ្នក upload ទៅជា PDF
 • ត្រង់ចំណុច Category អ្នកជ្រើសរើស ឲ្យត្រូវនឹងអាជីព ឬស្ថាប័នរបស់អ្នក
 • ត្រង់ចំណុច Country/Religion ជ្រើសរើសយក Cambodia
 • ត្រង់ចំណុច Audience វាជាជម្រើសរបស់យើងថាបំពេញក៏បាន អត់ក៏បាន។ បើអ្នកស្គាល់ពី Audience របស់អ្នកច្បាស់ អ្នកគួរបំពេញត្រង់នេះ។
 • ត្រង់ចំណុច 5 Articles អ្នកត្រូវស្វែងរកអត្ថបសារព័ត៌មាន ឬគេហទំព័រផ្លូវការណាមួយដែលចុះផ្សាយពីអ្នក ឬកិច្ចការងាររបស់អ្នក ឬស្ថាប័នអ្នក។ ដូចបានរៀបរាប់ដូច្នេះដែរ អត្ថបទដែលបង់លុយដើម្បីផ្សព្វផ្សាយ គឺមិនរាប់បញ្ចូលនោះទេ។
 • បន្ទាប់មកចុច Send រង់ចាំតែប៉ុន្នាននាទីប៉ុណ្ណោះ បើគណនី ឬទំព័រយើងត្រូវលក្ខខណ្ឌអស់ហើយ គឺ Admin ឬម្ចាស់គណនីទទួលបានសារហ្វេសប៊ុកភ្លាមៗនៅលើ Notification ឬអ្នកអាចរកមើលបាន នៅក្នុង support box។

ដើម្បីឆ្លើយទៅសំណួរមួយចំនួនដែលបានសាកសួរមកខ្ញុំកន្លងមក នេះគឺជាចម្លើយ។ ចម្លើយរបស់ខ្ញុំ គឺបានមកពីបទពិសោធន៍ និងការអានគោលការណ៍នៃការស្នើសុំនោះទេ។ គ្រប់គ្នាអាចអានបន្ថែមបាន https://www.facebook.com/help/196050490547892

សំណួរខ្ញុំតែងទទួលបានចម្លើយ
ស្ថាប័នខ្ញុំបានដាក់តាមអ្វីដែលហ្វេសប៊ុកប្រាប់ហើយ តែនៅតែហ្វេសប៊ុកមិនឲ្យបើគ្រប់ហ្វេសប៊ុកនឹងឲ្យហើយ។ ក្នុងករណីនេះ អាចមានច្រើនចំនុច បើស្ថាប័នយើងមានឯកសារការចុះបញ្ជីត្រឹមត្រូវហើយ យើងគួរពិនិត្យមើលពី Engagment របស់ទំព័រយើង បើមានតិចទេនោះប្រហែលជាមូលហេតុដែលហ្វេសប៊ុកមិនឲ្យហើយ។ បើមានឯកសារ និងមាន Engagment ច្រើនហើយ តើមានសារព័ត៌មានផ្លូវការណាខ្លះ ឬប្រភពក្រៅពីហ្វេសប៊ុកណាខ្លះចុះផ្សាយពីកិច្ចការរបស់យើងញឹកញាប់ឬទេ។ សូមអាន ការយល់ច្រឡំ និងការពិត ពីសញ្ញាកំណត់សំគាល់ (blue tick/verify) នៅផ្នែកខាងលើ។
សារព័ត៌មានចុះផ្សាយពីខ្ញុំច្រើនណាស់ ហើយខ្ញុំក៏មានអ្នកតាមដានច្រើនដែរតែខ្ញុំនៅតែមិនបានតើអ្នកជ្រើសរើសយកប្រភេទ (Category) មួយណាសម្រាប់ស្នើសុំ។ តើការបំពេញ Category អ្នកត្រឹមត្រូវ ដូចជាអ្នកផូសក្នុងទំព័រអ្នកដែរទេ។ បើអ្នកជ្រើសរើសយក Artist ការផូសរបស់អ្នកគួរបង្ហាញពីអាជីព និងសកម្មភាពជាសីល្បករ ឬការនីរបស់។ ដូចក្នុងលក្ខខណ្ឌទី១ និងទី៤។
ខ្ញុំឃើញផេកម្នាក់នោះ មិនមែន Artist ឬជា បុគ្គលសាធារណៈអីផង បានទទួលប្លូធិកដែរគួរពិនិត្យមើល Page Transparency ដើម្បីស្វែងយល់ពីប្រវត្តិនៃការគ្រប់គ្រង និងការបង្កើតទំព័រនេះ។ ផេកមួយចំនួន ត្រូវបានឧក្រិដ្ឋជនលួច ហើយគេលក់បន្តទៅឲ្យអ្នកផ្សេង។ បើដូច្នេះ អ្នកអាចធ្វើការ Report Page បាន។ តែទំព័រខ្លះ គឺទើបបង្កើតថ្មី ហើយមិនតំណាងឲ្យ Category របស់ទំព័រនោះទេ។ អ្នកអាច Report ពីភាពមិនប្រកតីរបស់ទំព័រនោះទៅកាន់ហ្វេសប៊ុក។
ខ្ញុំឃើញមានសេវាកម្មជួយយកប្លូធិកឲ្យផេកយើងបាន និងធានាថាមិនបាត់វិញទេសូមអានលក្ខខណ្ឌទី២។ ការស្នើសុំគឺជាយើង បើសិនអ្នកមិនដឹងពីរបៀបនៃការស្នើសុំ យើងអាចស្នើសុំជំនួយពីភ្នាក់ងារស្របច្បាប់ (មានចុះបញ្ជីត្រឹមត្រូវ) ណាមួយ ខ្ញុំមិនច្បាស់នោះទេ។ អ្នកអាចឲ្យភ្នាក់ងារនោះ សាកសួរទៅកាន់ហ្វេសប៊ុក តាមរយៈ Business Support បាន ព្រោះថា ពួកគេអាចឈែត (chat) ជាមួយនឹងបុគ្គលិកជំនួយរបស់ ហ្វេសប៊ុកបាន។ បើហ្វេសប៊ុករកឃើញថា ទំព័រ ឬគណនីរបស់អ្នក គឺបានដោយសារការបង់លុយដើម្បីទទួលបាន ហ្វេសប៊ុកនឹងដកចេញវិញភ្លាម។ មានតែ ក្រុមហ៊ុនហ្វេសប៊ុក ប៉ុណ្ណោះដែលអាចផ្តល់ ឬមិនផ្តល់ ប្លូធិក សម្រាប់គណនី ឬទំព័ររបស់អ្នក។ សម្រាប់សេវាកម្មនានា អ្នកត្រូវប្រុងប្រយ័ត្ន ព្រោះថាវាជាការទទួលខុសត្រូវរបស់អ្នក។
ខ្ញុំបានដាក់ស្នើទៅហើយ ខាងហ្វេសប៊ុកឆ្លើយមកថា ទំព័រខ្ញុំមិនទាន់គ្រប់លក្ខខណ្ឌនោះទេ ដោយឲ្យរងចាំ ៣០ថ្ងៃទៀតសម្រាប់ការស្នើសុំជាថ្មីខ្ញុំធ្លាប់បានសាកសួរទៅកាន់ Facebook Business Support ដែរ ពួកគេក៏មិនអាចធ្វើអ្វីបានដែរ គឺក្រៅពីការធ្វើតាមសេចក្តីណែនាំនេះ។ តាមខ្ញុំយល់ គឺមិនមែនបញ្ហាឯកសារ ឬព័ត៌មានរបស់យើងនោះទេ។ ហ្វេសប៊ុកបានទទួលថាទំព័រនេះ គឺជារបស់យើងមែន ប៉ុន្តែប្រហែលជាខ្វះខាងពី Engagement ឬ ទំព័ររបស់យើងមិនមានអ្នកប្រើប្រាស់ផ្សេងទៀតស្វែងរកពីយើង ឬនិយាយពីទំព័រយើង និងមិនមានប្រភពផ្សេងដែលនិយាយពីទំព័រយើង (សេវាកម្មយើង សកម្មភាពរបស់យើង អាជីពរបស់យើង…)។ អ្នកមានពេល ៣០ថ្ងៃ ឬលើសពីនេះ ដើម្បីផលិតមាតិកា នានា ដើម្បីទទួលបាននូវ Enagement។ អ្នកផ្តល់សេវាកម្មផ្នែកផលិតមាតិការ (ស្របច្បាប់ និងមានជំនាញពិតប្រាកដ) អាចផ្តល់យោបល់សម្រាប់អ្នកបាន ក្នុងការផលិតមាតិកា ចាប់អារម្មណ៍។ ពេលដែលពិនិត្យឃើញមាន Engagement ច្រើនហើយ អ្នកអាចដាក់ស្នើសុំបានទៀត។
បងសុំជួយឲ្យខ្ញុំបានប្លូធិកផងអត្ថបទមួយនេះ គឺខ្ញុំសរសេរដើម្បីជួយហើយ

វិធីសាស្ត្រស្នើសុំសម្រាប់បណ្តាញសង្គម ទ្វីតទ័រ

សម្រាប់ការស្នើសុំការកំណត់សំគាល់សញ្ញាពណ៌ខៀវរបស់បណ្តាញសង្គម ទ្វីតទ័រ ងាយស្រួលជាង ហ្វេសប៊ុកបន្តិចបន្តួចដែរ ប៉ុន្តែតម្រូវការព័ត៎មានបញ្ជាក់វិញ គឺពិបាក។ ចំណែកឯលក្ខខណ្ឌវិញក៏ច្រើនដែរ។ ខ្ញុំសូមសរសេរត្រួសៗប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាអាចអានដោយខ្លួនឯង តាមរយៈតំណរភ្ជាប់មួយនេះ https://help.twitter.com/en/managing-your-account/about-twitter-verified-accounts។ ទ្វីតទ័របានប្រកាស សម្រាប់ការបើកឡើងវិញ ក្រោយពីមានការវាយប្រហារលួចគណនីបុគ្គលល្បីដែលមានសញ្ញាប្លូធិក កាលពីពាក្យកណ្តាលឆ្នាំ ២០២១ កន្លងទៅនេះ។

សម្រាប់ទ្វីតទ័រ មានតែលក្ខខណ្ឌ ៣ប៉ុណ្ណោះ គឺ ភាពពិតប្រាកដ (Authenic), ការកត់សម្គាល់ (Notable) និង ភាពសកម្ម (Active)

 • ភាពពិតប្រាកដ (Authenic)៖​ តម្រូវការបញ្ជាក់ ពីភាពពិតប្រាកដរបស់ គណនីអ្នកគឺមានដូចជា គេហទំព័រផ្លូវការរបស់អ្នក ឬរបស់ស្ថាប័នអ្នក, អត្តសញ្ញាណប័ណ្ឌសំគាលខ្លួន (លិខិតសំគាល់ពីតួនាទីក្នុងរដ្ឋាភិបាល លិខិតឆ្លងដែន លិខិតចុះបញ្ជី) និង អ៉ីម៉ែលផ្លូវការរបស់អ្នក (មិនមែន Gmail ឬ yahoo នោះទេ)។ ឧទាហរណ៍ បើអ្នកធ្វើការនៅស្ថាប័ន ឈ្មោះ ABC អ៉ីម៉ែលរបស់ គួរតែជា [email protected] (org) ជាដើម។
 • ការកត់សម្គាល់ (Notable)៖ មន្ត្រីរដ្ឋាភិបាល ដែលមានដូចជឫ គណនីរបស់មន្ត្រី និងការិយាល័យសំខាន់ៗរបស់រដ្ឋាភិបាលបច្ចុប្បន្ន រួមទាំងប្រមុខរដ្ឋមន្រ្តីជាប់ឆ្នោត រដ្ឋមន្រ្តីស្ថាប័ន ស្ថាប័នឯកអគ្គរដ្ឋទូត និងអ្នកនាំពាក្យផ្លូវការ។ ក្រុមហ៊ុន និងអង្គការ, អង្គការសារព័ត៌មាន និងអ្នកសារព័ត៌មាន, ក្រុមហ៊ុនផ្នែកកម្សាន្តធំៗ បណ្តាញទូរទស្សន៍ និងតន្ត្រី, គណនីរបស់លីកកីឡាអាជីព ក្រុមអត្តពលិក និងគ្រូបង្វឹកដែលបានចុះបញ្ជីនៅលើគេហទំព័រផ្លូវការរបស់ក្រុម, សកម្មជន អ្នករៀបចំ និងបុគ្គលដែលមានឥទ្ធិពលផ្សេងទៀត។
 • ភាពសកម្ម (Active)៖ អ្នកត្រូវមាន Profile nam និង profile photo, សកម្មភាពប្រើប្រាស់ គណនីរយៈពេល ៦ខែចុងក្រោយ, ត្រូវបញ្ជាក់អ៉ីម៉ែល និងលេខទូរស័ព្ទ និងគណនីមិនត្រូវមានផ្អាករយៈពេល ១២ ម៉ោងឬ ៧ ថ្ងៃចំពោះការរំលោភលើច្បាប់ ទ្វីតទ័រ ក្នុងរយៈពេល ៦ ខែចុងក្រោយ។

ម្ចាស់គណនី ទ្វីតទ័រ អាចធ្វើការស្នើសុំដោយខ្លួនឯង ដោយគ្រាន់តែចូលទៅ គណនីរបស់ខ្លួន រួចយក Setting and Privacy -> Your account -> Account information -> Verify រួចហើយធ្វើការណែនាំរបស់ ទ្វីតទ័របន្ត។ បើនៅក្រោមពាក្យ Verify ដាក់ថា No នោះមានន័យថា គណនីរបស់អ្នកមិនអាចធ្វើការស្នើសុំបាននោះទេ។

សម្រាប់ការស្នើសុំរបស់ខ្ញុំ គឺមានទាំងបី។ ខ្ញុំបានប្រគល់ឲ្យនូវព័ត៌មានស្តីពីការងាររបស់ខ្ញុំដែលសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកបានធ្វើការសំភាសន៍ជាមួយខ្ញុំ គេហទំព័រ ឬប្លក់របស់ខ្ញុំ និងអ៉ីម៉ែលផ្លូវការរបស់ខ្ញុំដែលមានឈ្មោះ ដូចនឹងប្លក់របស់ខ្ញុំ។ ពេលធ្វើតាមលក្ខខណ្ឌអស់ហើយ ខ្ញុំរង់ចាំជាច្រើនថ្ងៃ ទើប គណនី TwitterVerified (@Verified) followed គណនីរបស់ខ្ញុំ ហើយខ្ញុំឃើញមានសញ្ញាកំណត់សំគាល់ពណ៌ខៀវនៅជិតឈ្មោះរបស់ខ្ញុំ។

សម្រាប់សំណួរនានា ដែលអ្នកមានចម្ងល់ អ្នកអាចស្វែងរកតាមតំណរភ្ជាប់នេះបាន https://help.twitter.com/en/managing-your-account/twitter-verified-accounts

សូមបញ្ជាក់៖ ទ្វីតទ័របានផ្អាកបណ្ណោះអាសន្នសម្រាប់ការស្នើសុំ កាលពីខែសីហាកន្លងទៅនេះ https://twitter.com/verified/status/1426214732403466241

វិធីសាស្ត្រសម្រាប់ការស្នើសុំសម្រាប់បណ្តាញសង្គម តេឡេក្រាម

ខ្ញុំទទួលបាន សញ្ញាប្លូធិកពី តេឡេក្រាមត្រឹមតែ ១០នាទីប៉ុណ្ណោះ។ ដំណើរការស្នើសុំ មិនស្មុគស្មាញ និងសាំញ៉ាំដូចជា ហ្វេសប៊ុក និងទ្វីតទ័រទេ។ តម្រូវការមានដូចជា៖

 • តេឡេក្រាម ប្រគល់សញ្ញាកំណត់សំគាល់ពណ៌ខៀវដល់ Channel ឬ Group សាធារណៈ
 • អ្នកត្រូវមានការកំណត់សំគាល់សញ្ញាពណ៌ខៀវនេះ យ៉ាងហោចណាស់ចំនួន ២ ពីបណ្តាញសង្គមដូច TikTok, Instagram, Facebook, Youtube, twitter, VK និង Snapchat។ អាចពិបាកសម្រាប់អ្នកដែលមិនមានសោះ។ តាមខ្ញុំយល់ តេឡេក្រាម មិនមានបុគ្គលិកសម្រាប់ ជួយដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស់នោះទេ តេឡេក្រាម ច្រើនតែប្រើ Bot ជំនួស ដូច្នេះហើយ តេឡេក្រាមគ្រាន់តែឲ្យយើង យកអាស័យ Channel ឬ Group របស់យើងទៅដាក់នៅក្នុង Bio របស់បណ្តាញសង្គមដែលមាន verified របស់យើង ហើយ តេឡេក្រាម ប្រើ Bot ដើម្បីពិនិត្យ ជាការស្រេច។

ខាងក្រោមនេះ គឺជា screenshot នៃការស្នើសុំរបស់ខ្ញុំ សម្រាប់ Channel តេឡេក្រាមរបស់ខ្ញុំ។

ខ្ញុំសង្ឃឹមថា អត្ថបទមួយនេះវាជាព័ត៌មានជំនួយដល់ការស្នើសុំរបស់អ្នកទាំងអស់គ្នា។ សរុបសេចក្តីមក ការចង់ក្រងឯកសារ ការងាររបស់ខ្ញុំកន្លងមកនេះ និងការព្យាយាមចែករំលែកនូវចំណេះដឹងដែលខ្ញុំមានសម្រាប់សាធារណៈ អាចឲ្យខ្ញុំទទួលបាននូវប្លូកធិកទាំងនេះ។ វាគ្រាន់តែជាសញ្ញាសំគាល់ ពណ៌ខៀវ ហើយវាមិនចាំត្រូវស្វះស្វែងខំយកពេកនោះទេ។ សម្រាប់ខ្ញុំ វាជាវង្វាន់សម្រាប់ការងាររបស់ខ្ញុំកន្លងមកប៉ុណ្ណោះ។ សូមអរគុណ

(Visited 3,614 times, 1 visits today)