គន្លឹះស្តីពីការគ្រប់គ្រងបណ្តាញសង្គមសម្រាប់ស្ថាប័ន

ពេលមកដល់តំណាក់កាលនៃបច្ចេកវិទ្យាផ្សព្វផ្សាយព័ត៌មាន យើងដឹងហើយថា បណ្តាញសង្គមដើរតួនាទីសំខាន់មិនត្រឹមតែក្នុងការចែកចាយព័ត៌មាន ប៉ុន្តែវាក៏អាចទទួលយកនូវមតិយោបល់ពីអ្នកគាំទ្រ និងអ្នកប្រើប្រាស់ដទៃទៀតដែរ។ ចំណែកឯ ការគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័ន ក៏ឃើញមានការពិបាកកើតឡើងដែរ ដូចជាមានសំណួរមួយចំនួនថា ហេតុអ្វីបានជាស្ថាប័នខ្ញុំជ្រើសរើសបង្កើតគណនីលើបណ្តាញសង្គមមួយនេះ? តើធ្វើដូចម្តេចដើម្បីឲ្យមានសវុត្ថិភាព? តើអ្នកគ្រប់គ្រងគួរមានតួនាទីអ្វីខ្លះ? និងបញ្ហាជម្លោះ ឬផ្លាស់ប្តូររបស់អ្នកគ្រប់គ្រង។

សេចក្តីណែនាំខាងក្រោមនេះ ខ្ញុំសរសេរឡើងសម្រាប់ ស្ថាប័នមិនមែនរដ្ឋាភិបាល និងមានចំណុចខ្លះសម្រាប់ស្ថាប័នរដ្ឋដែរ។ ខ្ញុំសង្ឃឹមថា យោបល់របស់ខ្ញុំខាងក្រោមនេះនឹងជួយឆ្លើយនឹងសំណួរខាងលើបានច្រើន។

ដំបូង អ្នកគួរស្វែងយល់ពីស្ថិតិមួយចំនួនស្តីពីបណ្តាញសង្គមជាទូទៅសិន

ការស្វែងយល់ពីស្ថិតិខាងក្រោមនេះ អាចជួយឲ្យអ្នកធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសបណ្ដាញសង្គមដែលមានប្រយោជន៍សម្រាប់ស្ថាប័នរបស់អ្នក មុនអ្នកសម្រេចចិត្តថា ចូល ឬមិនចូលទៅប្រើវា។

រហូតមកដល់ខែកក្ដដា ឆ្នាំ២០២២ នៅលើពិភពលោកមានអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណជា ៤.៧០កោដនាក់ ដែលស្មើនឹង ៥៩% នៃប្រជាជនទូទាំងពិភពលោក។ ពោលគឺ រៀងរាល់១វិនាទី មានអ្នកចុះឈ្មោះប្រើប្រាស់បណ្តាញថ្មីចំនួន ៧នាក់។ មកដល់ឆ្នាំ២០២២នេះ យើងមានបណ្តាញសង្គមប្រមាណជា ១៣៣ ទម្រង់ (platform) ក្នុងនោះមានបណ្ដាញសង្គមចំនួន ១៧ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ។

World’s Most-Used Social Media Platforms July 2022 DataReportal

នៅកម្ពុជាមានបណ្តាញសង្គមចំនួន ៧ទម្រង់ (platform) ដែលមានអ្នកប្រើប្រាស់ច្រើន ក្នុងនោះមានដូចជា Facebook, YouTube, Twitter, Pinterest Instagram, reddit, និង LinkedIn។ អ្នកប្រហែលសួរថា ហេតុអ្វីអត់ឃើញមាន Telegram។ ខ្ញុំខំស្វែងរកព័ត៌មានស្តីពីចំនួនអ្នកប្រើប្រាស់ Telegram ពីប្រភពដែលអាចទុកចិត្តបានដែរ ប៉ុន្តែខ្ញុំរកមិនទាន់ឃើញ។ បើតាមគេហទំព័រផ្លូវការរបស់តេឡេក្រាមបានសរសេរថា ខ្លួនមានអ្នកប្រើប្រាស់សកម្មរៀងរាល់ខែចំនួន ៧០០លាននាក់។ អ្នកអាចអានបន្ថែម អត្ថបទរបស់ខ្ញុំស្តីពី ស្ថិតិឌីជីថល និងបណ្តាញសង្គមនៅកម្ពុជាចេញផ្សាយក្នុងឆ្នាំ ២០២២

បណ្តាញសង្គមដែលមានអ្នកប្រើប្រាស់នៅកម្ពុជា https://gs.statcounter.com/social-media-stats/all/cambodia

តើស្ថាប័នរបស់ខ្ញុំគួរជ្រើសរើសបណ្តាញសង្គមមួយណា?

មានការយល់ឃើញថា បណ្តាញសង្គមណាដែលមានអ្នកប្រើប្រាស់ច្រើន យើងគួរជ្រើសរសើប្រើប្រាស់វបណ្ដាញសង្គមនោះដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មាន ឬដំណឹងពីសកម្មភាពរបស់ស្ថាប័នយើង។ ការយល់ឃើញខាងលើនេះអាចថាត្រូវដែរ ប៉ុន្តែមិនត្រូវទាំងស្រុងនោះទេ។ អ្នកគួរពិនិត្យមើលពីក្រុមគោលដៅ ឬក្រុមអ្នកទទួលផលចុងក្រោយរបស់ស្ថាប័នអ្នកដែលបានកំណត់ក្នុង សេចក្តីថ្លែងបេសកម្ម (mission statement) ថាពួកគេកំពុងស្ថិតនៅលើបណ្តាញសង្គមណាច្រើនជាងគេ។ ដើម្បីឲ្យងាយយល់ ខ្ញុំមានចំណុចគួរពិចារណាមួយចំនួន ដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត។

ចំណុចគួរពិចារណាសេចក្តីពន្យល់
ចំនួនអ្នកប្រើប្រាស់ក្នុងស្រុកចំនួនអ្នកប្រើប្រាស់គឺសំខាន់ ហើយក៏ដូចខ្ញុំសរសេរខាងលើដែរ។ ក្រុមគោលដៅដែលអ្នកចង់បានឲ្យដឹងពីសកម្មភាពការងាររបស់អ្នក ពួកគេភាគច្រើនអាចនៅទៅនោះ។ បើសិនជាក្រុមគោលដៅរបស់អ្នកគឺជាសាធារណៈជនទូទៅ ច្បាស់ណាស់ ឲ្យតែបណ្តាញសង្គមណាមានអ្នកប្រើប្រាស់ច្រើន អ្នកគួរជ្រើសរើសយកបណ្ដាញសង្គមនោះ។
ក្រុមគោលដៅរបស់អ្នក ដែលបានចែកក្នុង សេចក្តីថ្លែងបេសកម្មបើសិនជាក្រុមគោលដៅរបស់អ្នកគឺជាក្រុមយុវជន អ្នកគួរពិនិត្យមើលថាតើ បណ្តាញសង្គមមួយណាដែលមានយុវជនប្រើប្រាស់ច្រើន។ អ្នកអាចស្វែងរក ក្រុមអាយុ ដើម្បីជួយកំណត់អត្តសញ្ញាណក្រុមគោលដៅរបស់អ្នកដែរ ក្នុងបណ្ដាញសង្គមនិមួយៗ។ អ្នកក៏អាចពិនិត្យមើលពីក្រុមអ្នកពាក់ព័ន្ធ (stakeholder) របស់ស្ថាប័នអ្នក ថាពួកគេប្រើប្រាស់បណ្តាញសង្គមណាខ្លះ និងមូលហេតុអ្វីបានជាគេប្រើប្រាស់បណ្តាញសង្គមនោះ។
ធនធានមនុស្សគ្រប់គ្រង និងផលិតមាតិកាតើស្ថាប័នរបស់អ្នកមានធនធានគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឬទេ? ការង្កើតគណនីបណ្តាញសង្គម វាងាយស្រួលខ្លាំងណាស់ តែការធ្វើបច្ចុប្បន្នភាពទៀងទាត់លើមាតិកាដើម្បីឲ្យវាដំណើរការល្អ វាពិបាក។ ស្ថាប័នខ្លះ មានតែបណ្តាញសង្គម តែមិនមានធ្វើបច្ចុប្បន្នភាពមាតិកាសោះឡើយ ឬយូៗម្តងមានផ្សាយមួយ។ ម្យ៉ាងវិញទៀត ចំណេះដឹងក្នុងការប្រើប្រាស់បណ្តាញសង្គមទាំងនោះឲ្យបានត្រឹមត្រូវ ក៏ជាកក្ដតាសំខាន់ដែរ ក្នុងការសម្រេចចិត្តថាសម្រេចចិត្ត។ ដូចគ្នាដែរ អ្នកគួរពិនិត្យមើលពីធនធានមនុស្សក្នុងស្ថាប័នថាមានចំណេះដឹងគ្រប់គ្រាន់ដែរឬទេ ដើម្បីធ្វើប្រតិបត្តិការ។ បើស្ថាប័នអ្នកមិនផលិតមាតិកាជាវិដេអូ ការដែលមានបណ្តាញសង្គម YouTube វាមិនសូវជាមានប្រយោជន៍សម្រាប់ស្ថាប័នអ្នកនោះទេ។
ចំណុចគួរពិចារណាបន្ថែម វាជាជម្រើសល្អបើសិនស្ថាប័នអ្នកអាចធ្វើបាន។ វាជាជំហានបន្ទាប់ ក្រោយពេលអ្នកមានបណ្តាញសង្គម ឬក្រុម (Group) ដែលអ្នកត្រូវគ្រប់គ្រងច្រើន។
ធនធានថវិកាបើសិនស្ថាប័នរបស់អ្នកមានបណ្តាញសង្គមច្រើនប្រភេទ ឬក្រុម (group) ច្រើនក្នុងការគ្រប់គ្រង អ្នកអាចពិចារណាក្នុងការជាវទម្រង់សេវាកម្ម (service platfom) ដើម្បីគ្រប់គ្រងបណ្ដាញសង្គមទាំងនោះ ដូចជា Hootsuite ជាដើម។ អ្នកអាចផូសមាតិការួមមួយ ហើយវានឹងផ្សាយទៅដល់គ្រប់ក្រុម ឬបណ្តាញសង្គមផ្សេងៗទៀតរបស់អ្នក។ ម្យ៉ាងវិញទៀត សម្រាប់ការរចនារូបភាព ឬវិដេអូ អ្នកអាចជ្រើសរើសយក Canva ឬ Adobe Express ឬទម្រង់សេវាកម្មរចនាមាតិកាដទៃទៀត។
ការកំណត់ពីវិធានប្រើប្រាស់វាជាការចាំបាច់ណាស់ក្នុងការកំណត់ឲ្យបានច្បាស់ពីវិធានប្រើប្រាស់ដើម្បីឲ្យប្រាកដពីការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ ពេលដែលស្ថាប័នអ្នកមានបណ្តាញសង្គមលើសពី ៣ ស្ថាប័នអ្នកគួរពិចារណាផលិតវិធានណែនាំក្នុងការប្រើប្រាស់បណ្តាញសង្គម។ (ឯកសារដែលខ្ញុំសរសេរនេះ ក៏ជាផ្នែកមួយសម្រាប់អ្នកយកទៅពិចារណាដែរ)

ហេតុផលនៃការជ្រើសរើសបណ្តាញសង្គម។ មូលហេតុខាងក្រោមនេះ ជាយោបល់របស់ខ្ញុំប៉ុណ្ណោះ អ្នកអាចមានមូលហេតុក្នុងការជ្រើសរើសផ្សេង បើវាមានប្រយោជន៍សម្រាប់ស្ថាប័នអ្នក។ សម្រាប់អ្នកដែលមិនទាន់មានសោះ ពួកគេអាចស្វែងយល់បាន។

បណ្តាញសង្គមមូលហេតុដែលស្ថាប័នអ្នកគួរពិចារណា ប្រើ ឬមិនប្រើ
Facebook
 • មានអ្នកប្រើប្រាស់ច្រើនជាងបណ្តាញសង្គមនានានៅក្នុងស្រុក
 • អាយុ១៨-៣៤ឆ្នាំ មាន៧០%នៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកសរុបជាង១២លាននាក់(២០២២)
 • បណ្តាញសង្គមដែលមានអ្នកចេះប្រើប្រាស់ច្រើន
 • សម្រាប់ក្រុមគោលដៅនៅក្នុងស្រុក
 • ប្រភេទមាតិកាមានចម្រុះ អក្សរ រូបភាព វិដេអូ និងតំណរភ្ជាប់
 • មានមុខងារផ្សាយផ្ទាល់ និងអាចផលិតពាណិជ្ជកម្មផ្សព្វផ្សាយបាន
 • YouTube
 • ជាបណ្តាញសង្គម លំដាប់ទី២បន្ទាប់ Facebook (ក្នុងស្រុក)
 • មាតិកាជាវិដេអូ (គុណភាពនៃវិដេអូគឺជារឿងចាំបាច់។ អាចដាក់វិដេអូដែលមានរយៈពេលយូរលើសពី ១ម៉ោង)
 • មានមុខងារក្នុងការផ្សាយផ្ទាល់
 • គោលដៅ អាចអ្នកក្នុងស្រុក និងក្រៅស្រុក។ អ្នកចេះភាសាខ្មែរ និងភាសាអង់គ្លេស ដោយសារតែមាតិការជាវិដេអូអាចមានគេមើលច្រើន។ YouTube មានកន្លែងដែលអ្នកអាចសរសេរពីពណ៌នាអំពីវិដេអូ
 • TwitterTwitter នៅក្នុងប្រទេសកម្ពុជាមានចំនួនជាង ២សែននាក់ប៉ុណ្ណោះ ដែលស្មើនឹងចំនួន ១.៦%នៃអ្នកប្រើប្រាស់អ៉ីនធឺណិតក្នុងប្រទេសកម្ពុជា។ បើទោះបីដូច្នេះមែន បើសិនជាស្ថាប័នអ្នកជ្រើសរើសការផ្សព្វផ្សាយទៅកាន់អន្តរជាតិ ដោយប្រើប្រាស់សារខ្លី និងភាសាអង់គ្លេស Twitter គឺជាកន្លែងដែលល្អបំផុត សម្រាប់ចែករំលែក។
  TelegramTelegram គឺជាបណ្តាញសង្គមថ្មីដែលកំពុងតែរីកលូតលាតច្រើនក្នុងសង្គមកម្ពុជា។ ភាគច្រើននៃស្ថាប័នដែលប្រើប្រាស់ Telegram គឺជាស្ថាប័នរដ្ឋ។ ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ក៏ឃើញចាប់ផ្តើមប្រើច្រើនដែរ។ បើសិនជាស្ថាប័នរបស់អ្នកមានធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ពួកគេអាចសិក្សាបង្កើតជា Telegram bot ដែលជួយដល់ការងារដែលតម្រូវឲ្យមានការឆ្លើយឆ្លងជាមួយក្រុមគោលដៅ ឬការងារដទៃទៀត តាមរយៈការបង្កើត bot។
  Instagram
 • មានអ្នកប្រើប្រាស់ក្នុងស្រុកប្រមាណជា ២លាននាក់ ស្មើនឹង១២%នៃអ្នកប្រើប្រាស់អ៉ីនធឺណិតក្នុងប្រទេសកម្ពុជា
 • ភាគច្រើននៃអ្នកប្រើប្រាស់គឺជាយុវជន ឬក្មេងជំនង់ដែលមានអ្នកខ្លះធ្វើជា Instagram influencer
 • មិនមានស្ថាប័នច្រើនក្នុងការបង្កើតគណនីនៅលើ Instagram នោះទេ
 • បើស្ថាប័នអ្នកមានយុទ្ធនាការនានាដែលមានគោលដៅផ្សព្វផ្សាយទៅកាន់ក្រុមយុវជន Instagram ជាច្រើនមួយល្អ ដោយសារតែ Hashtag របស់ Instagram ដំណើរការល្អ។
 • Tiktok
 • មានអ្នកប្រើប្រាស់ក្នុងស្រុកចំនួន ៦.៦៨លាននាក់ ដែលស្មើនឹង ៣៩.២%នៃអ្នកប្រើប្រាស់អ៉ីនធឹណិតក្នុងប្រទេស
 • អ្នកប្រើប្រាស់ដែលមានអាយុចាប់ពី១៨ឡើងទៅមានចំនួន ៤៩.៧% នៃចំនួនប្រជាជនដែលប្រើប្រាស់អ៉ីនធឹណិត និង៥៤.១%នៃចំនួនអ្នកប្រើប្រាស់ Tiktok គឺជាស្ត្រី
 • មិនសូវមានស្ថាប័នរដ្ឋ និងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលប្រើប្រាស់វាប៉ុន្មាននោះទេ។ សម្រាប់ស្ថាប័នអង្គការខ្លះនៅមានមន្ទិលពីសុវត្ថិភាពនៃបណ្តាញសង្គមនេះ និងនៅមានសំណួរពីសីលធម៌របស់អ្នកប្រើប្រាស់
 • ទម្រង់បណ្តាញសង្គមនេះ មានតែមាតិកាជាវិដេអូប៉ុណ្ណោះ ហើយភាគច្រើននៃវិដេអូ គឺមានរយៈខ្លីៗប្រមាណជា ១០វិនាទី ដែលមានមនុស្សចូលចិត្តមើល និងមើលច្រើន។ ដូច្នេះហើយការផ្សព្វផ្សាយសារនានាទៅកាន់ក្រុមគោលដៅ គឺវិដេអូខ្លីៗ ដែលចាប់អារម្មណ៍
 • ជាការល្អ ពេលដែលអ្នកជ្រើសរើសបាននូវបណ្តាញសង្គមសម្រាប់ស្ថាប័នអ្នករួចហើយ ឬអ្នកជ្រើសរើសថ្មី អ្នកគួរមានសេចក្តីជូនដំណឹង ពីអាស័យដ្ឋានបណ្ដាញសង្គមទាំងនោះ ដល់សាធារណជន ជាពិសេសក្រុមគោលដៅ និងក្រុមអ្នកពាក្យព័ន្ធរបស់ស្ថាប័ន។

  ដើម្បីឲ្យបណ្តាញសង្គមរបស់ស្ថាប័នខ្ញុំមានសុវត្ថិភាព តើខ្ញុំគួរធ្វើដូចម្តេច?

  ដើម្បីឲ្យមានសវុត្ថិភាព ការបង្កើតវិធានសន្តិសុខសម្រាប់ការពារបណ្តាញសង្គម និងការកំណត់គោលបំណងនៃការពារ គឺជារឿងចាំបាច់។ ហេតុអីបានជាត្រូវទៅទាក់ទងអ្វីនឹងគោលបំណង គ្រែងសុវត្ថិភាព វាទាក់ទងទៅហ្នឹងរឿងដាក់ពាក្យសម្ងាត់ ការប្រើប្រាស់ការផ្ទៀងផ្ទាត់២កក្តា (2FA)? វាអាចជាសំណួររបស់អ្នកទាំងអស់គ្នាដែរ។ ការប្រើប្រាស់ពាក្យសម្ងាត់ និងការបើកមុខងារការផ្ទៀងផ្ទាត់២កក្ដា គឺជារឿងសំខាន់ដែលត្រូវធ្វើដែរ ប៉ុន្តែការដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់បណ្តាញសង្គមរបស់ស្ថាប័នកន្លងមកដែលខ្ញុំជួបប្រទះ វាមិនសុទ្ធសឹងតែមកពី ការប្រើប្រាស់ពាក្យសម្ងាត់មិនខ្លាំង ឬមិនបើកមុខងារ 2FA នោះទេ។ ករណីខ្លះ កើតឡើងដោយជម្លោះអ្នកគ្រប់គ្រងនិងអ្នកគ្រប់គ្រង ដក(remove) ដៃគូចេញ (admin dispute) ការប្រគល់ព័ត៌មានអត្តសញ្ញាណ (credential information) ដូចជាឈ្មោះគណនី សម្ងាត់ឲ្យអ្នកដទៃដើម្បីគ្រប់គ្រងជំនួស ការប្រើប្រាស់លេខទូរសព្ទផ្ទាល់ខ្លួនដើម្បីជាវិធីការបញ្ជាក់របស់ 2FA ឬដើម្បីស្រោចស្រង់គណនីស្ថាប័ន ការកំណត់តួនាទីក្នុងការគ្រប់គ្រងបណ្ដាញសង្គមជាដើម។

  ការកំណត់មួយចំនួនដែលអ្នកគួរយល់ដឹង

  ការកំណត់ហេតុផល
  តួនាទីគ្រប់គ្រងបណ្តាញសង្គមជាទំលាប់៖ ខ្ញុំសង្កេតឃើញថា នាយកប្រតិបត្តិ ឬប្រធានស្ថាប័ន ប្រធានកម្មវិធី ឬប្រធានរដ្ឋាបាល ជាអ្នកគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នា។ ឧទាហរណ៍ដូចជាតួនាទី admin, owner, creator ដែលជាតួនាទីមានសិទ្ធិធំជាងតួនាទីផ្សេងៗ។ ការអនុញ្ញាតបែបនេះ គឺយល់ឃើញថាប្រធានស្ថាប័ន ឬប្រធានកម្មវិធី ឬប្រធានផ្នែកផ្សេងៗ ជាអ្នកមានតួនាទីធំក្នុងស្ថាប័ន ពួកគាត់គួរមានតួនាទីគ្រប់គ្រងបណ្តាញសង្គមដែរ។ ការយល់ឃើញបែបនេះ មិនខុសទេ តែក៏មិនត្រឹមត្រូវទាំងអស់ដែរ។ មិនត្រឹមត្រូវគឺថា ពួកគាត់មិនមែនជាអ្នកបច្ចេកទេសដែលមានចំណេះដឹងគ្រប់គ្រាន់ក្នុងការរក្សាសុវត្ថិភាពសម្រាប់បណ្តាញសង្គមនោះទេ។ ភារកិច្ច និងកិច្ចការការងារធំជាងនេះរបស់ស្ថាប័ន ដែលត្រូវការគាត់ពិនិត្យមើល។ ម្យ៉ាងវិញទៀត ដើម្បីគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័ន ច្បាស់ណាស់ នឹងត្រូវយកគណនីផ្ទាល់ខ្លួនរបស់ពួកគាត់មកគ្រប់គ្រង។ គណនីផ្ទាល់ខ្លួនរបស់បុគ្គលិកគួរយកមកគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័ននោះទេ ដើម្បីជៀសវាងនៅពេលចាកចេញពីតួនាទី។

  ជាការយល់ឃើញរបស់ខ្ញុំ៖ ការគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័ន គួរស្ថិតនៅក្រោមផ្នែកឃោសនាការ ឬផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ស្ថាប័ន។ សម្រាប់គណនីដែលគ្រប់គ្រងបណ្តាញសង្គមគឺត្រូវតែជាអ៉ីម៉ែលដែលស្ថាប័នកំណត់ ឬលេខទូរសព្ទដែលចុះឈ្មោះដោយស្ថាប័ន។ ឧទាហរណ៍ អ្នកគួរបង្កើតអ៉ីម៉ែលមួយពីក្រុមហ៊ុនអ៉ីម៉ែល ដូចជា Gmail ដោយមានដាក់ឈ្មោះស្ថាប័ន ([email protected]) ឬបើស្ថាប័នរបស់អ្នកបានជាវនូវគណនីអ៉ីម៉ែលបន្ថែមសម្រាប់គ្រប់គ្រងរាល់បណ្តាញសង្គមរបស់ស្ថាប័ន វាជាការល្អបំផុត ([email protected])។

  ករណីលើកលែង៖ បើសិនជាស្ថាប័នរបស់អ្នកមានគ្នាតិច និងមានធនធានមានកំណត់ ច្បាស់ណាសថា ប្រធានស្ថាប័នគឺជាអ្នកគ្រប់គ្រងរាល់បណ្តាញសង្គមទាំងអស់របស់ស្ថាប័ន។

  ចាំបាច់៖ រាល់តួនាទី និងគណនីគ្រប់គ្រង បើទោះបីជាគណនីផ្ទាល់ខ្លួន ឬរបស់ស្ថាប័ន គួរត្រូវបានចង់ចែងក្នុងវិធានគ្រប់គ្រងបណ្តាញសង្គម ដោយកំណត់ពីតួនាទីណាដែលមានសិទ្ធិគ្រប់គ្រងបណ្តាញសង្គមស្ថាប័ន ហើយជ្រើសរើសយកគណនីប្រភេទណាមកគ្រប់គ្រង និងពេលចាកចេញពីតួនាទី ត្រូវតែដកគណនីខ្លួនចេញពីរាល់បណ្តាញសង្គមរបស់ស្ថាប័នទាំងអស់។

  តួនាទីជា admin/manager៖ ៣នាក់ច្រើនបំផុត និង១នាក់មិនត្រូវមាននោះទេ។ Admin ទាំងនោះគួរមានតួនាទីពិនិត្យមើល ផ្នែកសន្តិសុខ និងព័ត៌មានទូទៅ។ ត្រូវធ្វើឲ្យប្រាកដច្បាស់ថាបណ្តាញសង្គមដែលខ្លួនគ្រប់គ្រងមានសុវត្ថិភាព។

  តួនាទីជា editor៖ អាចមាន២នាក់ យ៉ាងច្រើន។ វាជាតួនាទីជំនាញ និងបច្ចេកទេសក្នុងការរៀបចំ និងផលិតមាតិកា។ ត្រូវពិនិត្យរាល់អក្ខរាវិរុទ្ធ ពិនិត្យមើលពីការរចនារូប ឬវិដេអូ ដែលមិនប៉ះពាល់ដល់គោលការណ៍របស់បណ្តាញសង្គម។ ត្រូវមានតួនាទីក្នុងការឆ្លើយឆ្លងមតិយោបល់ សំណួរ ឬសាររបស់អ្នកគាំទ្រ។ ត្រូវធ្វើរបាយការណ៍ទៀងទាត់ជូនដល់អ្នកគ្រប់គ្រងផ្ទាល់ ឬប្រធានផ្នែករបស់ខ្លួន (direct supervisor)។
  ការប្រើប្រាស់អ៉ីម៉ែល និងលេខទូរសព្ទការគ្រប់គ្រងបណ្តាញសង្គម ត្រូវបានគណនី ហើយដើម្បីមានគណនី គឺត្រូវបង្កើតវាជាមួយនឹងអ៉ីម៉ែល។ បណ្តាញសង្គមខ្លះ ត្រូវមានលេខទូរសព្ទទើបអាចបង្កើតគណនីបាន។ ភាគច្រើនដែលខ្ញុំបានឃើញ គឺការប្រើប្រាស់អ៉ីម៉ែល ឬលេខទូរសព្ទផ្ទាល់ខ្លួនដើម្បីគ្រប់គ្រង ឬបង្កើត ហើយការធ្វើនោះមិនមានចែងក្នុងវិធានគ្រប់គ្រងបណ្តាញសង្គមស្ថាប័ននោះទេ។ ការធ្វើបែបនេះ នៅពេលដែលបុគ្គលនោះចាកចេញពីតួនាទីរបស់ខ្លួន ដោយមានអរិភាពចំពោះស្ថាប័ន គេអាចបង្កផលលំបាកក្នុងការស្រោចស្រង់បណ្តាញសង្គមរបស់ស្ថាប័ននោះមកវិញ។ ក្រុមហ៊ុនបណ្តាញសង្គម គេមិនលូកដៃចូលក្នុងចម្លោះផ្ទៃក្នុងរបស់ស្ថាប័ននាក់នោះទេ។ អ្នកប្រហែលជាត្រូវការបញ្ជាក់ច្រើន និងស្មុគស្មាញក្នុងការ ដកអ្នកគ្រប់គ្រងណាម្នាក់ចេញពីការគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័ន។ ដូច្នេះហើយ រាល់អ៉ីម៉ែល ឬលេខទូរសព្ទត្រូវតែជារបស់ស្ថាប័ន។

  អ៉ីម៉ែល៖ ជាអ៉ីម៉ែលផ្លូវការរបស់ស្ថាប័នដែលមានឈ្មោះដែន (domain name) ជារបស់ស្ថាប័ន។ ក្នុងករណីស្ថាប័នមិនទាន់មាន ឬមានហើយតែខ្វះថវិកាក្នុងការបង្កើតគណនីអ៉ីម៉ែល ស្ថាប័នគួរតែអនុញ្ញាឲ្យបុគ្គលិកប្រើប្រាស់អ៉ីម៉ែលផ្ទាល់ខ្លួនដើម្បីបង្កើតគណនី ឬយកគណនីផ្ទាល់ខ្លួនរបស់ពួកគេមកគ្រប់គ្រង ដោយមានសរសេរជាលាយលាក់អក្សរដូចខ្ញុំបានរៀបរាប់ក្នុងផ្នែក “តួនាទីគ្រប់គ្រងបណ្តាញសង្គម” ខាងលើ។

  លេខទូរសព្ទ៖ វាត្រូវតែជាលេខរបស់ស្ថាប័ន។ មានន័យថា ពេលដែលទិញស៉ីមកាតគឺត្រូវចុះឈ្មោះរបស់ស្ថាប័ននៅលើលេខនោះ។ បុគ្គលិកអាចមានគណនីដូចគ្នានឹងស្ថាប័នដែរ ម្យ៉ាងវិញទៀត វាផ្តល់ហានិភ័យពេលបុគ្គលិកចប់តួនាទីពីស្ថាប័ន។

  ចាំបាច់៖ ពេលបុគ្គលិកចប់តួនាទី ស្ថាប័នមិនបាត់បង់ ឬពិបាកយកបណ្តាញសង្គមរបស់ខ្លួន។
  ការការពារគណនីបុគ្គលិកដែលមានតួនាទីជាអ្នកគ្រប់គ្រង និងអ្នកផលិតមាតិកាបណ្តាញសង្គមត្រូវតែប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង និងមានបើកមុខងារ 2FA (ដោយមិនដាក់លេខទូរសព្ទ) ជាចាំបាច់។ បើអ្នកគ្រប់គ្រង ឬអ្នកផលិតមាតិកាមិនយល់ស្របក្នុងការធ្វើនេះទេ មិនគួរដាក់បញ្ចូលពួកគាត់ជាអ្នកគ្រប់គ្រង ឬជាអ្នកផលិតមាតិកាសម្រាប់បណ្តាញសង្គមស្ថាប័ននោះទេ។ បើមានការចែកចងពីតួនាទីក្នុងការគ្រប់គ្រងបណ្តាញសង្គមរបស់ស្ថាប័នរក្នុង ការពិពណ៌នាកិច្ចការ (job description) របស់ពួកគេ ព្រមទាំងមានការប្រើប្រាស់ អ៉ីម៉ែល និងលេខទូរសព្ទរបស់ស្ថាប័ន ករណីដែលមានការជំទាស់ ដូចជាមិនគួរកើតឡើងនោះទេ។

  រាល់ឧបកណ៍ដែលមានការចូលប្រើប្រាស់បណ្តាញសង្គមរបស់ស្ថាប័ន ចាំបាច់ត្រូវការពារឲ្យបានហ្មតចត់។
  ការគ្រប់គ្រងព័ត៌មានអត្តសញ្ញាណរាល់ព័ត៌មានអត្តសញ្ញាណទាំងអស់ (credential information) ដូចជាអ៉ីម៉ែល ពាក្យសម្ងាត់ អាស័យដ្ឋានគណនី និងព័ត៌មានបង្កើតគណនី គួរត្រូវបានរក្សាទុកឲ្យមានសុវត្ថិភាព ដែលអនុញ្ញាឲ្យអ្នកគ្របគ្រងស្ថាប័ន អាចចូលទៅពិនិត្យបានដែរ។ ក្នុងករណីនេះ អ្នកគួរប្រើប្រាស់ជ្រើសរើសយកកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ សម្រាប់មុខងារជាក្រុម ដែលអាចចែករំលែកព័ត៌មានអត្តសញ្ញាណបណ្តាញសង្គមស្ថាប័ន ទៅកាន់អ្នកគ្រប់គ្រងស្ថាប័ន។ ឧទាហរណ៍៖ ពាក្យសម្ងាត់ និងគណនី គ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថាប័ន ជាដើម។ ខ្ញុំណែនាំឲ្យប្រើប្រាស់ 1Password វាមានមុខងារ 2FA នៅជាប់ ដោយយើងមិនចាំបាច់ download Google authenticator ឬ authy។ បើមានលទ្ធភាព ស្ថាប័នគួរទិញ security key សម្រាប់អ្នកគ្រប់គ្រងបណ្តាញសង្គមស្ថាប័ន។

  ការស្នើសុំការកំណត់អត្តសញ្ញាណ ប្លូធិកសម្រាប់ស្ថាប័ន

  ការស្នើសុំការកំណត់ប្លូធិក គឺជារឿងសំខាន់សម្រាប់ស្ថាប័នរបស់យើង ប៉ុន្តែប្លូធិកនេះវាមិនមានអ្វីច្រើនទាក់ទងទៅនឹងផ្នែកសុវត្ថិភាពប៉ុន្មាននោះទេ។ ប្លូធិក នេះអាចឲ្យអ្នកប្រើប្រាស់ឃើញថា នេះជាទំព័រ ឬជាប៉ុស្តិ៍ (ឆាណែល) ផ្លូវការរបស់ស្ថាប័នយើង។

  ខ្ញុំបានសរសេរពីការស្នើសុំប្លូធិករបស់ទំព័រផ្លូវការរបស់ខ្ញុំ ដែលមានដូចជា Facebook, Twitter និង Telegram។ បើទោះបីខ្ញុំជាបុគ្គល មិនមែនជាស្ថាប័ន ក៏ការស្នើសុំនោះវាមិនជាខុសគ្នាច្រើនដែរ។ សូមចុចទីនេះដើម្បីអាន ការស្នើសុំសញ្ញាកំណត់សំគាល់ (BLUE TICK/VERIFY) សម្រាប់ ហ្វេសប៊ុក ទ្វិតទ័រ និងតេឡេក្រាម

  (Visited 287 times, 1 visits today)