តើអ្វីទៅជាក្រុម MMO?

តើអ្វីទៅជាក្រុម MMO?

ចម្លើយ៖

MMO មកពីពាក្យពេញ Making Money Online ដែលហៅកាត់ថា MMO ដែលបកប្រែជាភាសាខ្មែរហៅថា ការរកលុយតាមអនឡាញ។ MMO ជាក្រុមមុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល (លុយ) តាមរយៈសេវាកម្មនានានៅលើប្រព័ន្ធអ៉ីនធឺណេត ដែលប្រើប្រាស់នូវចំណេះជំនាញជាក់លាក់ផ្ទាល់ខ្លួន (Talent people) ដើម្បីសម្រេចការងារដែលបានផ្តល់ឲ្យ ហើយភាគច្រើនគឺជាអ្នកធ្វើការដោយខ្លួនឯង (Freelancer)។ ក្នុងនោះមានដូចជា អ្នកសរសេរអត្ថបទលក់ អ្នកបកប្រែតាមអនឡាញ អ្នកបម្រើសេវាកម្មអតិថិជនពីចម្ងាយ (remote customer sevice) រួមទាំងអ្នកផលិតមាតិការ(វិដេអូ សំឡេង រូបភាព អត្ថបទ)។ សេវាកម្មនៅលើប្រព័ន្ធអ៉ីនធឺណេតទាំងនោះ មានដូចជា Affiliate program (Amazone) ផ្សព្វផ្សាយលក់ផលិតផលដើម្បីបានភាគរយកម្រៃជើសសា, កម្មវិធីរកប្រាក់ជាមួយបណ្តាញសង្គម (monetization program), និងប្រភេទសេវាកម្មនានាដែលស្រដៀងគ្នានេះ។

ការរកលុយតាមអនឡាញ ឬហៅ ថា MMO មាននៅក្នុងប្រទេសកម្មកម្ពុជាតាមពីដើមឆ្នាំ 2000 មកម្ល៉េះ។ ពេលនោះគឺអ្នកសរសេរអត្ថបទផ្សព្វផ្សាយនៅលើប្លក់ ដូចជា blogger របស់ក្រុមហ៊ុន Google ហើយរកលុយតាមរយៈផ្ទាំងពាណិជ្ជកម្ម ដែលជា Google Adsense។ បន្ទាប់មកក៏មានការចាប់អារម្មណ៍លើ កម្មវិធីរកលុយតាមរយៈការលក់ទំនិញតាមកម្មវិធី Amazone Affilate Program តាមរយៈការបង្កើតវិបសាយណែនាំមុខទំនិញ (product review) ក្នុង Amazone ដើម្បីទទួលបានភាគរយៈកម្រៃជើងសាររាល់ការចុចទិញទំនិញម្តងៗ។

ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Facebook ដែលឥឡូវហៅថា Meta (មេតា) បានដាក់ដំណើរការនូវមុខងារឈ្មោះ Instant Article ដែលសហការជាមួយនឹង អ្នកបោះពុម្ពផ្សាយ (Publisher) និងស្ថាប័នសារព័ត៌មានដែលផលិតអត្ថបទព័ត៌មានផ្សព្វផ្សាយមួយចំនួន ហើយដាក់តំណរភ្ជាប់អត្ថបទនោះនៅលើផេករបស់ខ្លួន។ ពេលអ្នកអានចុចបើកអានអត្ថបទព័ត៌មាន នោះវានឹងលោតផ្ទាំងពាណិជ្ជកម្មក្នុងអត្ថបទនោះ ហើយ Publisher នោះនឹងទទួលបានកម្រៃតាមរយៈការមើលអត្ថបទរបស់ខ្លួន។ មានន័យថា មើលចំផ្ទាំងផ្សាយកាន់តែយូ/ច្រើន Publisher ទទួលបានលុយកាន់តែច្រើន។ នៅក្នុងអំឡុងឆ្នាំ ២០១៥ និង២០១៦មុខងារនេះបាននាំឲ្យមានមនុស្សជាច្រើនបាននាំគ្នាបង្កើតវិបសាយ និងផេកព័ត៌មានដែលមានមាតិកាផ្សេងៗពីគ្នា។ ប្រទេសថៃ ភូមា វៀតណាម រួមទាំងប្រទេសកម្ពុជាក៏មានអ្នកផលិតមាតិកាព័ត៌មានជាអត្ថបទកាន់តែច្រើនឡើង មិនថាជាអ្នកអាជីព ឬអ្នកមិនអាជីពជាអ្នកសរសេរអត្ថបទនោះទេ។ សម្រាប់ប្រទេសកម្ពុជា ក៏មានមាតិកាជាអត្ថបទខ្លះ ត្រូវបានចម្លងគ្នាទៅវិញទៅមក ឬចម្លងពីប្រទេសមួយទៅប្រទេសមួយ ធ្វើឲ្យម្ចាស់ដើម ដូចជាស្ថាប័នព័ត៌មានមានវិជ្ជាជីវត្រឹមត្រូវ ឬម្ចាស់អត្ថបទដើមរងគ្រោះពីការលួចអត្ថបទ ចំណែកឯ អ្នកលួចមាតិកាបែរជាទទួលបានថវិកាច្រើនពីបណ្តាញសង្គម ហ្វេសប៊ុក ទៅវិញ។

មុខងារ Instant Article នេះបានបិទទៅវិញកាលខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ មានហេតុផលមួយចំនួន ក្នុងនោះមានដូចជាការប្រកួតប្រជែងរបស់បណ្តាញសង្គមផ្សេងៗទៅលើប្រភេទមាតិកាដែលអ្នកប្រើប្រាស់ចូលចិត្តមើល ច្រើនជាងអត្ថបទអាន។ បើតាមការយល់ឃើញរបស់ខ្ញុំ ការបិទនេះក៏អាចពាក់ព័ន្ធទៅហ្នឹង អ្នកប្រើប្រាស់មួយចំនួនដែលផលិតព័ត៌មានមិនគ្រប់ជ្រុងជ្រោយ (misinformation) ឬព័ត៌មានមិនពិត (disinformation) ដែលធ្វើឲ្យមានហិង្សាពាក្យសំដី និងការរើសអើងជាច្រើនកើតឡើង ក្រោយពីមានការផ្សព្វផ្សាយ។

បើទោះបីជាបិទមុខងារ ពាណិជ្ជកម្ម នៅលើ Instant Article ក្តី ក្រុមហ៊ុន មេតា បានប្រែក្លាយការផ្សព្វផ្សាយ ads របស់ខ្លួនទៅក្នុងមាតិកាជាវិដេអូ (In-stream ads) ដែលធ្វើឲ្យមានមនុស្សជាច្រើនងាកមកផលិតមាតិកាវិដេអូ ហើយរកចំណូលបានច្រើនពីពាណិជ្ជកម្មបែបថ្មីនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា រហូតមកដល់ពេលឥឡូវនេះ ក្រុមហ៊ុន មេតា នៅមិនទាន់អនុញ្ញាត្តឲ្យកម្ពុជាអាចរកចំណូលបានពី in-stream ads ឬ Reel បាននៅឡើយទេ។ លើកលែងតែអ្នកផលិតមាតិកាដែលមានការចាប់អារម្មណ៍ខ្លាំង និងច្រើនពីមហាជន (influencer) ដែលផេកគេត្រូវបានជ្រើសរើស (Invite) ដើម្បីចូលរួមក្នុង កម្មវិធីរកចំណូលពីហ្វេសប៊ុកតែម្តង។ ចំណែក អ្វីដែលយើងឃើញអ្នកផលិតមាតិកាវិដេអូនៅលើ ហ្វេសប៊ុកជាភាសាខ្មែរ សព្វថ្ងៃនេះ សុទ្ធសឹងតែប្រើប្រាស់គណនីក្រៅប្រទេសដើម្បីគ្រប់គ្រងផេករបស់ខ្លួន ហើយក្នុងនោះរួមទាំងការចរាចរណ៍ការទទួលលុយ (payouts)ពី ហ្វេសប៊ុក មកក្នុងគណនីធនាគារក្នុងស្រុកផងដែរ។

ក្រៅតែពីហ្វេសប៊ុក ក៏មានការរកចំណូលពី YouTube ផងដែរ គឺតាមរយៈ Google adsense នៅលើវិដេអូដែលដែលបានផ្សព្វផ្សាយ។ នៅកម្ពុជាក៏មានអ្នកចាប់អារម្មណ៍ផលិតមាតិកាជាវិដេូក្នុង Youtube កាន់តែច្រើនឡើង ប៉ុន្តែមុនចុងឆ្នាំ ២០២២ ទីតាំងប្រទេសកម្ពុជាមិនទាន់ត្រូវបានអនុញ្ញាត្តឲ្យប្រើប្រាស់មុខងាររកចំណូលនេះនៅឡើយទេ។ អ្នកផលិតមាតិកាវិដេអូដែលរកលុយបានកាលនោះ គឺបង្កើតគណនី និងចរាចរណ៍ថវិកាពីក្រៅប្រទេស។ មានន័យថា ពួកគេនៅក្នុងស្រុក ផលិតមាតិកាវិដេអូជាភាសាខ្មែរ ហើយទទួលបានលុយពី YouTube។ មានអ្នកផលិតមាតិកាខ្លះបានបង្កើតនូវ YouTube Channel របស់ខ្លួនដោយយកមាតិកាព័ត៌មានពីសារព័ត៌មានល្បីៗជាភាសាខ្មែរ មកកាត់ត និងបន្ថែមខ្លឹមសារជាចំណងជើង និងរូបភាពតំណាង (YouTube Thumnails)ដែលខុសពីមាតិកាដើម ដើម្បីទាក់ទាញអ្នកមើលឲ្យកាន់តែច្រើន ដែលកត្តានេះធ្វើឲ្យកើនឡើងនូវព័ត៌មានមិនពិត (disinformation) កាន់តែច្រើន។ ចំណែកការលួចមាតិកាវិដេអូប្រភេទផ្សេងៗទៀតក៏កើតមានឡើងដែរ ធ្វើឲ្យម្ចាស់មាតិកាដើម (Orignal content creator)រងគ្រោះ ព្រមទាំងមិនលើកទឹកចិត្តដល់ពួកគេក្នុងការបង្កើតមាតិកាថ្មីៗផងដែរ ។ នៅចុងខែវិចិ្ឆកា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន YouTube ដែលអនុញ្ញាត្តឲ្យអ្នកផលិតមាតិកាវិដេអូនៅលើ YouTubeក្នុងប្រទេសកម្ពុជាអាចរកប្រាក់ចំណូលពី YouTubeបាន។ ការសហការនេះ គឺក្នុងគោលបំណងពង្រឹងសម្ថតិភាពការផលិតមាតិកាល្អៗ និងគោរពតាមគោលការណ៍កម្មសិទ្ធបញ្ញា ជាដើម។

អ្នកផលិតមាតិកាជាច្រើនមិនដឹងពីវិធីសាស្ត្ររកលុយពីបណ្តាញសង្គមនោះទេ (social media monitezation) ដូច្នេះហើយ ពួកគេបានពឹងលើបុគ្គល ឬក្រុមដែលមានជំនាញបច្ចេកទេសមួយចំនួនដែលមានជំនាញពីការបង្កើត គ្រប់គ្រង និងការធ្វើឲ្យមាតិកាមានមនុស្សមើលច្រើន នៅលើបណ្តាញសង្គម ដូចហ្វេសប៊ុកជាដើម។ បុគ្គល ឬក្រុមបច្ចេកទេសទាំងនោះ គឺជាអ្នកចាត់ចែងនូវវិធីសាស្ត្រចែករំលែក និងប្រភេទមាតិកាដែលត្រូវផលិតដើម្បីឲ្យមានអ្នកមើលច្រើន។

ចំណែកឯអ្នកផលិតមាតិកាដើម (orignal content creator) មួយចំនួនដែលមាន talent ផ្សេងៗដូចជា ការផលិតចំរៀង ការច្រៀង ការធ្វើម្ហូប ការចែករំលែកព័ត៌មាននានា មួយចំនួនដែលមានការយល់ដឹងពីការរកលុយតាមបណ្តាញសង្គម ក្នុងនោះដូចជា ហ្វេសប៊ុក ពួកគេអាចគ្រប់គ្រង និងចាត់ចែងនូវការផលិតមាតិកា និងផ្នែកបច្ចេកទេសដោយខ្លួនឯង ឬបង្កើតក្រុមបច្ចេកទេសរបស់ខ្លួនឯងដើម្បីចាត់ចែងតែម្តង។ ដើម្បីឲ្យខ្លួនអាចមានចំណូលច្រើន មាតិការបស់ខ្លួនគឺត្រូវមានមើលច្រើនដែរ ដូច្នេះហើយក្រុមអ្នកបច្ចេកទេសមួយចំនួន ដែលមានជំនាញ និងដឹងគន្លឹះ ព្រមទាំងចន្លោះប្រហោងនៃវិធីសាស្ត្ររកលុយបានលឿន និងមានសុវត្ថិភាព (ក្រុមហ៊ុនហ្វេសប៊ុក ចាប់កំហុសមិនបាន) ប្រើប្រាស់វិធីសាស្ត្រគេចវេស (bypass) ពីប្រព័ន្ធផ្ទៀងផ្ទាត់ (verification system/process) និងប្រព័ន្ធតាមដានពិនិត្យមើលមាតិកា (Moderation system) របស់បណ្តាញសង្គមដើម្បីផលិតនូវមាតិកាវិដែអូនានា ដែលពួកគេឃើញថាមានអ្នកមើលច្រើន។

ពួកគេមានក្រុម មានឧបករណ៍ និងមានជំនាញ ដែលរៀនតៗពីគ្នា។ ពួកគេស្វែងយល់ពីមាតិកាដែលហាមឃាត និងមូលហេតុដែលបណ្តាញសង្គមហាមឃាត។ ពួកគេក៏មានវិធីសាស្ត្រធ្វើឲ្យ មាតិការបស់ពួកគេត្រូវបានមនុស្សមើលច្រើនដែរ។

ពួកគេបានសិក្សាស្វែងយល់ពី មូលហេតុ នៃប្រភេទការផលិតមាតិកាដែលធ្វើឲ្យមានមនុស្សមើលច្រើន និងការធ្វើឲ្យមាតិកា ឬរឿងណាកាន់តែល្បី។ ពួកគេហៅមាតិកាដែលមនុស្សមើលច្រើនថា “រឿងផ្ទុះ”។ មានរឿងមួយចំនួនគឺត្រូវបានរុញដោយ Algorithm របស់បណ្តាញសង្គមដែរ និងរឿងខ្លះត្រូវបានពួកគេរុញឲ្យមានអ្នកមើលច្រើនតាមវិធីសាស្ត្រដែលពួកគេរកឃើញ។ វិធីសាស្ត្រពួកគេខ្លះក៏ជោគជ័យ និងពេលខ្លះក៏មិនជោគជ័យដែរ។

ពួកគេក៏មាន កម្មវិធីកុំព្យុទ័រមួយចំនួនដែលបង្កើតឡើងដោយខ្លួនឯង ឬទិញមកពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម។ កម្មវិធីទាំងនោះមានដូចជា ការបង្កើតគណនីច្រើនក្នុងពេលតែមួយ និងការថែរក្សគណនី ព្រមទាំងការរក្សាគណនីនោះឲ្យសុវត្ថិភាព ដែលពួកប្រើហៅថា “ចញ្ចឹមអាខោន”។ ពួកគេអាចយកគណនីទាំងនោះ ទៅ Like, comment, share និងបង្កើនការមើលមាតិកាវិដេអូ នៅពេលផ្សាយផ្ទាល់ (Facebook Live)ដើម្បីបង្កើនចំនួនចូលរួម (Enagement) ទៅលើមាតិកាក្នុងផេកណាមួយដែលពួកគេចង់បាន។

កន្លងមកក្រុមបច្ចេកទេសនេះ ក៏មានសេវាកម្មផ្តល់ចំនួនអ្នកមើលច្រើនៗក្នុងពេលផ្សាយផ្ទាល់ (Facebook Live) របស់អ្នករកស៊ីលក់ផលិតផលអនឡាញ បើសិនអ្នកលក់ផលិតផលអនឡាញទាំងនោះចង់បង្ហាញថា ការ Live របស់ពួកគេមានអ្នកទស្សនាច្រើន ដើម្បីឲ្យលក់ផលិតផលឆាប់ដាច់។ ចំនួនគណនីមើលទាំងនោះ មិនមែនជាគណនីរបស់អ្នកប្រើប្រាស់មែនទែននោះទេ វាជាគណនីរបស់ក្រុមបច្ចេកទេសទាំងនោះជាអ្នកបង្កើត ហើយបញ្ជូនតាមកម្មវិធីប្រភេទជា automation ដែលពួកគេប្រើប្រាស់ ដើម្បីមើលការផ្សាយផ្ទាល់។ ករណីនេះធ្វើឲ្យពិបាកថា ថាការផ្សាយផ្ទាល់ផ្សេងៗទៀត ពិតជាមានអ្នកប្រើប្រាស់ពិតប្រាកដមើល ឬជាគណនីដែលបង្កើតមកដើម្បីមើលការផ្សាយផ្ទាល់។ អ្នកខ្លះហៅគណនីទាំងនោះថា ជាគណនីខ្មោច ឬគណនីក្លែងក្លាយ ឬគណនីម៉ាស៊ីន (bot account)។

ក្រុមអ្នកបច្ចេកទេសទាំងនោះក៏មានកម្មវិធីទាញយកមាតិកាដេអូពីបណ្តាញសង្គមផ្សេងៗ (មិនចាំបាច់បង្កើតមាតិកាដោយខ្លួនឯង) មកផ្សព្វផ្សាយរកលុយបន្ត ដោយមិនខ្វល់ថា វិដេអូនោះ មានភាសាអ្វី មានប្រភពមកពីណា នោះទេ។ ឧទាហារណ៍ ពួកផលិតកម្មវិធីទាញយកនូវវិដេអូជាច្រើនក្នុងពេលតែមួយពី គណនី TikTok ឬពីបណ្តាញសង្គមក្នុងប្រទេសចិនដែលមានមនុស្សចូលមើលច្រើន។

ពួកគេក៏មានវិធីសាស្ត្រពីការផ្សព្វផ្សាយវិដេអូពីម្ចាស់ដើម រួចហើយផុសបន្តដោយមិនឲ្យ Facebook ចាប់បានកម្មសិទ្ធបញ្ញា (miused of copyrights manager – ខ្ញុំសរសេរនៅខាងក្រោម)។ វិធីសាស្ត្រនេះ ត្រូវបានពួកគេចែករំលែកនូវពាសពេញបណ្តាញសង្គម ទាំង Facebook, TikTok, YouTube និង Telegram។ ពួកគេក៏មានការបើកបង្រៀនពីរបៀបរកលុយនៅលើបណ្តាញសង្គម Facebook និងនៅលើបណ្តាញសង្គមផ្សេងៗទៀតដែរ។

សម្រាប់វិធីសាស្ត្រក្នុងការទទួលបានថវិកាពីហ្វេសប៊ុក ឬពីបណ្តាញសង្គមផ្សេងៗវិញ ក៏ពួកគេមានវិធីសាស្ត្រសហការគ្នាជាមួយអ្នកនៅរស់ប្រទេសក្រៅ ឬបង្កើតគណនីធនាគារនៅបរទេសដើម្បីទទួលបានថវិការទៀងទាត់ដែរ។ ការទទួលបានលុយពី Facebook ប្រចាំខែ ពេលខ្លះត្រូវបាន Facebook បិទមិនឲ្យទទួលបាន ដោយសារតែរំលោភលើគោលការណ៍ការរកចំណូលនេះ (monetization guideline) ដែលធ្វើឲ្យពួកគេត្រូវបង្កើតនូវផេកជាច្រើនដើម្បីទប់ស្កាត់រឿងបែបនេះ។ មានន័យថា បើផេកមួយត្រូវបានបិទ ឬខួច ពួកគេនៅមានផេកផ្សេងៗទៀតដែលដំណើរការ។

បើទោះបីមានការលំបាកជាច្រើនក្នុងការធ្វើ ក៏មានមនុស្សជាច្រើននាំគ្នាចូលរៀន និងបានស្វះស្វែករកចំណូលបន្ថែមតាមរយៈ ការរកចំណូលតាមបណ្តាញសង្គមនេះដែរ។

សម្រាប់ខ្ញុំ ខ្ញុំបែងចែកក្រុមអ្នករកលុយតាមអនឡាញនេះជា ២ប្រភេទ៖

ទី១៖ អ្នករកលុយតាមអនឡាញដែលជាអ្នកផលិតមាតិកាដើម (Original Content Creator) ដែលមានវិជ្ជាជីវៈ និងផលិតមាតិកាដើម្បីចូលរួមក្នុងការអប់រំផ្សព្វផ្សាយ។ ក្នុងនោះមានដូចជា ស្ថាប័នសារព័ត៌មានអាជីព, ក្រុមតន្ត្រី អ្នកចម្រៀងអាជីព និងអ្នកមានដុងចម្រៀង (talent singer), អ្នកជំនាញ (សុខភាពសាធារណៈ, ច្បាប់, ភាសា, សង្គម, បច្ចេកវិទ្យា…) និង Influencer ដែលមានការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ (យល់ដឹងពីការផលិត និងបរិបទសង្គមជាមួយមាតិកាខ្លួនបង្កើត)។ ពួកគេប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវក្នុងការទទួលបានចំណូលពីក្រុមហ៊ុនបណ្តាញសង្គម ឬពីការផ្សាយពាណិជ្ជកម្មក្នុងស្រុក (Local ads)។

ទី២៖ អ្នករកលុយតាមអនឡាញដែលមិនខ្វល់ពីមាតិកាដែលខ្លួនផ្សាយ។ ពួកគេគិតតែពីចំណូល ជាលុយ តែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីផលប៉ះពាល់ដល់ឯកជនភាព វប្បធម៌ប្រពៃណី ព័ត៌មានមិនពិត (dis/misinformation) និងសេដ្ឋកិច្ច សង្គម និងនយោបាយនោះទេ។ ពួកគេប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់មួយចំនួនដើម្បីទទួលបានចំនួនអ្នកចូលរួមច្រើន (enagement) និងទាញយកមាតិកាពីម្ចាស់ដើម មកធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយរាយការណ៍ទៅកាន់បណ្តាញសង្គម ដើម្បីឲ្យដក ឬបិទមាតិកាពីម្ចាស់ដើម ដែលមិនទាន់មានសិទ្ធជាម្ចាស់កម្មសិទ្ធលើមាតិកាខ្លួននៅឡើយ (ការប្រើប្រាស់មុខងារ Copyright Manager របស់ Facebook ខុសពីសេចក្តីណែនាំដើម)។ កន្លងមក ខ្ញុំបានឃើញនូវការផ្សព្វផ្សាយពីសេវាកម្មលុបវិដេអូពីលើផេក ហ្វេសប៊ុក ដែលករណីខ្លះរហូតដល់ ការធ្វើឲ្យខួចខាតហ្វេសប៊ុកផេកម្ចាស់ដើមទៀតផង។ ម្យ៉ាងវិញទៀត ការបង្កើតអត្តសញ្ញាណប័ណ្ណក្លែងក្លាយដើម្បីគេចវេស (bypass) ពីប្រព័ន្ធត្រួតពិនិត្យអត្តសញ្ញាណរបស់បណ្តាញសង្គម ក៏ត្រូវពួកគេមួយចំនួនណែនាំគ្នាផងដែរ។

មានការពិបាកខ្លះដែរ ក្នុងការបែងចែកក្រុមពីរប្រភេទនេះ ពីព្រោះវាអាស្រ័យលើអ្នកតាមដាន (Follower) និងចំណូលចិត្ត (interest) របស់អ្នកប្រើប្រាស់ខ្លួនឯង ដែលចូលចិត្តមើលមាតិកា។ មានមាតិកាខ្លះត្រូវបានចែករំលែកលើបណ្តាញសង្គម ដែលធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានដែរ។ ហើយក៏មានការចែករំលែកមាតិកាមួយចំនួនធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានអារម្មណ៍ថាធុញទ្រាន់ដែរ។ ម្យ៉ាងវិញទៀត ការរកចំណូលតាមបណ្តាញសង្គមនេះ សម្រាប់មនុស្សមួយចំនួន បានក្លាយជាការងារពេញម៉ោង និងជាចំណូលចម្បងសម្រាប់ទ្រទ្រង់ក្នុងក្រុមគ្រួសាររបស់ពួកគេ។

ដូច្នេះហើយ ការចាត់ទុកថា អ្នករកចំណូលតាមអនឡាញ ឬដែលហៅថា MMO សុទ្ធតែជាបុគ្គល ឬក្រុមមនុស្សមិនល្អ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ គឺត្រូវពិនិត្យមើល មាតិកា និងវិធីសាស្ត្រដែលពួកគេផលិតដែរ។

ការបារម្ភនៅត្រង់នេះគឺថា បើពួកគេយកចំណេះជំនាញរបស់ពួកគេទៅប្រើប្រាស់ខុស ឬត្រូវបាន អ្នកមានលុយ ឬមានអំណាចប្រើប្រាស់មធ្យោបាយរបស់ពួកគេដើម្បីធ្វើរឿងដែលមិនត្រឹមត្រូវ នោះនឹងមានផលវិបាកច្រើនទៅដល់សង្គម។

កាលពីដើមឆ្នាំទៅមិញ ខ្ញុំបានលើកករណីទាំងនេះប្រាប់ក្នុងកិច្ចពិភាក្សាមួយ ស្តីពីមាតិការបង្កគ្រោះថ្នាក់ (harmful content) ជាមួយនឹងអ្នកតំណាងរបស់បណ្តាញសង្គមល្បីៗក្នុងប្រទេសកម្ពុជាយើងដែរ។ គោលបំណងរបស់ខ្ញុំក្នុងការផ្សព្វផ្សាយករណីនេះ គឺសម្រាប់ការអប់រំផ្សព្វផ្សាយ។ ខ្ញុំមិនមានគោលបំណងមិនល្អណាមួយចំនួនអ្នកណាម្នាក់ ឬក្រុមណាមួយនោះទេ។

ខ្ញុំសង្ឃឹមថា ការចែករំលែករបស់ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែម។ បើសិនជាអ្នកទាំងអស់គ្នា ចូលរួមចែករំលែកពីករណីនេះ សូមធ្វើវាដោយសមរម្យ និងមិនត្រូវបង្កើតនូវការស្អប់ខ្ពើម ឬប្រើប្រាស់ពាក្យមិនសមរម្យដាក់គ្នាទៅវិញទៅមកនោះទេ។

ខ្ញុំសូមអរគុណ